(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧នេះ អង្គភាពស៊ីម៉ាក់ សម្រេ​ចបោសសំអាតផ្ទៃដី មានបញ្ហាគ្រាប់មីន និងផ្ទៃដីចំការគ្រាប់ បានចំនួន​ ៨,៦៣៦ហិកតា​ និងកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួន​ ៣៧,៤៤៨​ គ្រាប់។

លោក ហេង រតនា បានបន្ដថា បន្ថែមលើសនេះ​ ស៊ីម៉ាក់បានផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន​ និងសង្គ្រោះជនពិការ ដោយសារមីន​ ការងារស្រាវជ្រាវ និងកំណត់ទីតាំង គ្រាប់មីន​ គ្រាប់បែកចង្កោម​ និងគ្រាប់បែកគីមី​ ព្រមទាំងការងារហ្វឹកហ្វឹន​កំរិតជាតិ​ និងកំរិតអន្តរជាតិផងដែរ។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៨​ ដែលជាឆ្នាំទី១​ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន​ ២០១៨-២០២៥​នោះ អង្គភាពស៊ីម៉ាក់មានផែនការរំដោះផ្ទៃចំការមីន និងចំការគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា​ ត្រៀមឆ្លើយតបសំណើរបន្ទាន់ៗ ៩០០០សំណើរ​ និងអាចបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ័នានាចំនួន៥០,០០០គ្រាប់។

ជាមួយគ្នានេះ លោក ហេង រតនា បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមនាំគ្នាថែរក្សា និងពង្រឹងសន្តិភាព ដែលបានមកដោយលំបាកបំផុត និងអំពាវនាវបញ្ឈប់វប្បធម៌ពឹងបរទេស មកគាបសង្កត់ និងបំផ្លិចបំផ្លាញ សេចក្តីសុខនិងវឌ្ឍនភាពខែ្មរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រលុបបំបាត់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់ពីផ្ទៃដីកម្ពុជា នៅឆ្នាំ២០២៥៕