(ភ្នំពេញ)៖ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (អតីតផ្សារទំនើបសូរិយា) នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំពិធីបើកសម្ពោធសាជាថ្មី ក្រោយពីបានចំណាយទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក សម្រាប់កែទម្រង់ និងកែលម្អជាថ្មី ត្រូវបានបញ្ចប់ជាស្ថាពរ។

តាមរយៈផែនការកំណែទម្រង់ និងកែលម្អនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងក្លាយជាផ្សារទំនើបទេសចរណ៍ថ្មីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានបរិយាកាសប្រកប ដោយផាសុខភាព និងទំនិញប្រកដោយគុណភាព និងតម្លៃសមរម្យ។

ពិធីបើកសម្ពោធសាជាថ្មីនេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សបភីងសេនធ័រសូរិយា, លោកស្រី កែវ សុខពិសី អភិបាលរង រាជធានីភ្នំពេញ, លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, និងលោក សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា តាមរយៈការផ្លាស់ប្ដូរមុខមាត់ថ្មីនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានបែងចែកប្រភេទទំនិញ ទៅតាមជាន់ទីមួយៗ ដូចតទៅ៖

* ជាន់ផ្ទាល់ដី៖ ប្រជុំទៅដោយផលិតផលម៉ាកល្បីៗទាំងក្នុង និងក្រៅប្រទេស ដែលក្នុងនោះ រួមមានភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់គ្រឿងអលង្ការ ផ្សារទំនើប ធនាគារ និងជាទីប្រជុំជន ដែលពោរពេញទៅដោយផាសុខភាព។

* ជាន់ទី១៖ គ្រឿងសម្អាង និងសម្ភារប្រើប្រាស់សម្រាប់សុភាពនារី រួមមានសម្លៀកបំពាក់ កាបូប ស្បែកជើង -ល-។

* ជាន់ទី២៖ គ្រឿងប្រើប្រាស់សម្រាប់សុភាពបុរស និងកុមារ ព្រមទាំងមានមណ្ឌលកម្សាន្ដសម្រាប់កុមារតូចៗផងដែរ។

* ជាន់ទី៣៖ គ្រឿងអេឡិចត្រូនិចម៉ាកល្បីៗ គ្រប់ប្រភេទ។

* ជាន់ទី៤៖ អាហារដ្ឋានដែលប្រមូលផ្ដុំដោយម្ហូបអាហារបែបខ្មែរ និងផ្សារទេសចរណ៍ (The Bazaar) ដែលមានរចនាបទតាមស្ថាបត្យខ្មែរពិតៗ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ វប្បធម៌ សិល្បៈ និងផលិតផលទាំងឡាយរបស់ខ្មែរ។

* ជាន់ទី៥៖ រោងភាពយន្ដខ្នាតអន្ដរជាតិ និងមណ្ឌលកម្សាន្ដ ព្រមទាំងមានក្លឹបហាត់ប្រាណ ស្ទីម និងសោណាផងដែរ។

អ្នកឧកញ៉ា បានបន្ថែមទៀតថា តាមរយៈការផ្លាស់ប្ដូរមុខមាត់ថ្មីនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងផ្ដល់ជូនលោក លោកស្រី នូវបទពិសោធន៍ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក និងបរិយាកាសពោរពេញ ទៅដោយផាសុខភាព ព្រមទាំងទំនិញដែលមានគុណភាព និងតម្លៃសមរម្យ ដែលជាទីពេញចិត្តសម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរការបើកសម្ពោធសាជាថ្មី សូរិយា សេនធ័រ ភ័នធ៍ នឹងផ្ដល់ជូននូវកម្មវិធីលក់បញ្ចុះតម្លៃសម្រាប់រដូវកាលមាស (Golden Festival) ដែលមានលក់បញ្ចុះតម្លៃ រហូតដល់ ៧០% លើមុខទំនិញគ្រប់ប្រភេទទូទាំងផ្សារ ព្រមជាមួយរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់សប្ដាហ៍ ចាប់ពីថ្ងៃនេះ រហូតដល់ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៨។

លើសពីនេះ សាធារណៈជន ក៏អាចអញ្ជើញចូលរួមទស្សនាការសម្ដែងសិល្បៈខ្មែរ និងពិព័រណ៌ផលិតផលខ្មែរដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ នៅផ្សារទេសចរណ៍ (The Bazaar) នៅជាន់ទី៤ផងដែរ៕