(ភ្នំពេញ)៖ គណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ សមាជិកមជ្ឈឹមបក្ស និងជាអនុរដ្ឋមន្ដ្រី ក្រសួងការពារប្រទេសវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនេះ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ ព្រមទាំងសហការី នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនានយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ដ្រី កម្ពុជា-វៀតណាម លើកទី៣ ជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។

សូមជម្រាបថា គោលបំណងនៃកិច្ចសន្ទនានយោបាយការពារជាតិ កម្ពុជា-វៀតណាម គឺជំរុញឲ្យកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ ទាំងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពនាពេលកន្លងមក ពិសេសភាគីទាំង២ នឹងបន្ដអនុវត្តឲ្យបានល្អប្រសើរបន្ថែមទៀត នូវអនុស្សារណៈ និងពិធីសារ ស្ដីពីកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា-វៀតណាម៕