(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង រថយន្តតូច៦គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់,ប្រជែង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦៧លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៩៧នាក់ របួសធ្ងន់ចំនួន១៧៥នាក់ និងរបួសស្រាលចំនួន៧៥នាក់៕