(ពោធិ៍សាត់)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ដឹកនាំដោយលោកវរសេនីយត្រី ម៉ោល សុទ្ធ អធិការរង បានចុះបង្ក្រាបមុខសញ្ញារក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ករណីផ្សេងគ្នា ឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងនោះស្រី២នាក់។

លោកវរសេនីយត្រី ម៉ោល សុទ្ធ អធិការរងនគរបាលស្រុកក្រគរ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាប ករណីគ្រឿងញៀនខាងលើ បានឲ្យដឹងថា នៅវវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងរបស់លោក បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ឃាត់ខ្លួនបានមុខសញ្ញា ៤នាក់ ក្នុងនោះស្រី២នាក់ រួមមាន៖ ១-ល័ក្ខ ស្រីភក្តី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទះ (អ្នកចែកចាយ), ២-ល័ក្ខ ស៊ីថុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកប្រើប្រាស់), ៣-សូត្រ សុភី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (អ្នកប្រើប្រាស់), ៤-និល ពុទ្ធា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកប្រើប្រាស់)។

វត្ថុតាងដកហូតបាន រួមមាន៖ ម្សៅក្រាមព៌ណសថ្លា សង្ស័យថាសារធាតុញៀន ចំនួន៣កញ្ចប់តូច ស្មើនឹង (០,៥៣ក្រាម), ដាវកែច្នៃ(សាមូរ៉ៃ) ១ដើម និងឧបករណ៍បម្រើឲ្យការជក់មួយកំប្លេរ។

ដោយឡែក ក្នុងថ្ងៃដដែលនៅវេលាម៉ោង ១១និង១៩នាទីព្រឹក កម្លាំងរបស់លោក បានបន្តចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ឃាត់ខ្លួនបានមុខសញ្ញា ១នាក់ ឈ្មោះ យិន ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទះ (អ្នកជួញដូរ)។  

វត្ថុតាងដកហូតបាន រួមមានម្សៅក្រាមព៌ណសថ្លា សង្ស័យថាសារធាតុញៀន ចំនួន១កញ្ចប់ធំ, ២កញ្ចប់តូច ស្មើនឹង (៦,២៦ក្រាម), ដាវកែច្នៃ(សាមូរ៉ៃ) ១ដើម, ទូរស័ព្ទ១គ្រឿង, លុយខ្មែរ ៦៥០០រៀល និងឧបករណ៍បម្រើឲ្យការជក់មួយកំប្លេរ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់ ត្រូវបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំបំពេញបែបបទបញ្ជូនបន្ដទៅការិយាល័យនគរបាលជំនាញគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕