(កំពង់ចាម)៖ អធិការនគរបាលស្រុកចំនួន២ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

​ពិធីប្រកាសផ្ទេរភារកិច្ច និងតែង​តាំងមុខតំណែង អធិការ អធិការរង នៃអធិការដ្ឋាននគរបាល‎ស្រុកចំនួន២ រួមមាន៖ ពេលព្រឹក​នៅអធិការដ្ឋាននគរបាលស្រុក  ‎     ស្រីសន្ធរ សមាសភាពចូលរួមសរុប៧៥នាក់ និង​ពេលរសៀល នៅអធិការដ្ឋាននគរបាល​ស្រុក​កោះសូទិន ​សមាសភាពចូលរួម៨៩នាក់ ដែលពិធីនេះក៏មាន​វត្តមានលោកប្រធានក្រុមប្រឹក្សា លោកអភិបាល លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោក លោកស្រីប្រធានការិយាល័យជុំវិញស្រុកទាំង២ផងដែរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានលើកឡើងថា ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនេះ ដោយសារតែថ្នាក់ដឹកនាំ បានមើលឃើញពីគុណសម្បត្តិ និងការខិតខំប្រឹងប្រែងរបស់មន្ដ្រីក្រោមឱវាទ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំ និងផ្ដាំផ្ញើដល់មន្ដ្រីនគរបាលដែលទើបដំឡើងតំណែងថ្មី ត្រូវបានប្រើប្រាស់តួនាទីនេះ ឲ្យបានសមស្របតាមច្បាប់ និងវិជ្ជាជីវៈ ហើយត្រូវបម្រើពលរដ្ឋឲ្យបានល្អ និងពង្រឹងការសាមគ្គីផ្ទៃក្នុងបន្ថែមទៀត បើទោះបីពេលនេះបានអនុវត្តល្អក៏ដោយ៕