(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឲ្យ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា បច្ចុប្បន្នជនមានពិការភាព បានក្លាយជាជនគំរូ សម្រាប់សាធារណៈជន ដោយសារតែជនមានពិការភាព មានសមត្ថភាព ដូចជនគ្មានពិការភាព។

ការលើកឡើងរបស់ លោក ឯម ច័ន្ទមករា បានធ្វើឡើងខណៈលោក បានចូលរួមនៅក្នុងពិធីព្រឹត្តិការណ៍ពិសេសជុំវិញ ការតាំង ពិព័រណ៍អបអរសាទរជនពិការ រៀបចំធ្វើនៅផ្សារទំនើបអ៉ីអនម៉ល រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក ឯម ច័ន្ទមករា បានឲ្យដឹងថា ការតាំងពិព័រណ៍បង្ហាញពីសមិទ្ធផល នៃការអនុវត្តគម្រោងផ្តួចផ្តើម ដើម្បីវិសាលភាព ពិការភាព នៅកម្ពុជាពិព័រណ៍នេះ បានចាប់ផ្តើមតាំងបង្ហាញចាប់បីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ។ អ្វីដែលជាមោទនភាព របស់យើង ក្នុងនាមជាអ្នកទទួលខុសត្រូវលើវិស័យពិការភាព មានអារម្មណ៍សប្បាយរីករាយ ដែលបានឃើញនូវរូបភាព ជាលទ្ធផល​ដែលយើងបានខិតខំ ប្រឹងប្រងអនុវត្ត ក្នុងរយៈពេល៥ឆ្នាំមកនេះ ជាមួយអង្គការ និងដៃគូសហការ មួយចំនួនទៀត។

លោក ឯម ច័ន្ទមករា បានបន្ថែមថា សាធារណជនចាប់ផ្តើមមើលឃើញពីសមត្ថភាពរបស់បងប្អូនមានពិការភាព តាមរយៈការដាក់តាំងរូបភាពទាំងអស់នេះ ដោយមានការចូលរួមពីបងប្អូនពិការបង្ហាញសមត្ថភាពជាពិធីករ វាគ្មិន និងការសំដែងសមត្ថភាពជាច្រើនទៀត។ លោកបានបន្តថា មានសាធារណៈជន មិនតិចជាងម៉ឺននាក់នោះទេ ដែលបានចូលរួមទស្សនាការតាំងពិព័រណ៍ នៅផ្សារទំនើបអ៊ីអន ម៉ូលនេះ។

ជាមួយគ្នានោះ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើការកែសម្រូលពីការជួយជាលក្ខណៈសប្បុរសធម៌ ទៅជាកាតព្វកិច្ច ក្នុងការអនុវត្តកាតព្វកិច្ច ជួយដល់បងប្អូនជនពិការ មានន័យថា យើងប្រែក្លាយពីការផ្តល់លុយ និងការដាក់ទាន ទៅជាការឲ្យពួកគាត់ជ្រើសរើស ជនពិការ ទៅបណ្តុះបណ្តាលជួយជាជំនាញវិញ។

លោកស្រី Claire Van der Vaeren បានបន្ថែមទៀតថា សាធារណៈជនទាំងអស់ងាកមកសំលឹងមើលពីសមត្ថភាព ជាជាងការមើល ពីពិការភាពវិញ។ មានគោលបំណងផ្លាស់ប្តូរផ្នត់គំនិត និងសង្គមទាំងមូលតាមរយៈការបង្ហាញឲ្យ ឃើញថាជនពិការអាចមាន សមត្ថភាព ធ្វើការងារ និងទទួលបានឪកាសស្មើភាពក្នុងការប្រើប្រាស់សិទ្ធរបស់ខ្លួន។

លោកស្រី Ruth Stewart អនុប្រធានផ្នែកបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា ការធានាឲ្យជនពិការចូលរួមយ៉ាងសកម្មនៅក្នុងសង្គម មានផលប្រយោជន៍ជាច្រើន ដល់ជនពិការ និងក្រុមគ្រួសារ តែក៏បានផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ មានរបាយការណ៍បានបង្ហាញថា ការមិនអនុញ្ញាតឲ្យជនពីការចូលបម្រើការងារធ្វើឲ្យប្រទេសខាតបង់ចំណូលក្នុងស្រុករហូតដល់ ៧ភាគរយ។  

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា កន្លងមក យើងក៏មានការបង្ហោះនៅតាមបណ្តាញសង្គម Facebook ហើយឆាប់ៗនេះ ក៏នឹងត្រូវបង្ហោះ តាមរយៈ Page របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការផងដែរ ក្រៅពីនោះក៏មានការដាក់បង្ហាញ ជាវីដេអូឃ្លីប នៅក្នុងទិវាជនពិការ ដើម្បីបង្ហាញឲ្យឃើញថា ជនពិការរបស់យើងនេះ ពិតជាមានសមត្ថភាពគ្រប់គ្រាន់។

ពី១ឆ្នាំទៅ១ឆ្នាំស្ថានភាពជនពិការ មានការប្រែប្រួល ហើយការផ្សព្វផ្សាយពីពិការភាព ក៏បានបង្ហាញតាមរូបភាពផ្សេងៗគ្នា ដូចជាការសំដែងសិល្បៈ ការជួបជុំគ្នា ការចុះសួរសុខទុក្ខពីថ្នាក់ដឹកនាំនានា។ នេះសរបញ្ជាក់ឲ្យឃើញពីឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ននិងក្រសួងនៅក្នុងវិស័យពិការភាព។

លោក ឯម ច័ន្ទមករា បង្ហាញការជឿជាក់ថា តាមរយៈការតាំងពិព័រណ៍នេះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមើលឃើញពីសមត្ថភាព ជនមានពិការភាព និងមើលឃើញថាជនពិការនាពេលបច្ចុប្បន្ននេះ មានការលើកតម្កើង គ្រប់រូបភាពទាំងអស់ ខុសប្លែកពីលើកមុន ដែលជនពិការភាពត្រូវបានគេរើសអើង៕