(ភ្នំពេញ)៖ ការិយាល័យមណ្ឌលប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹកតាមបច្ចេកវិទ្យា ដើម្បីកាត់បន្ថយបំភាយឧស្ម័នកាបូនឌីអុកស៊ីដសម្រាប់តំបន់អាស៊ី (MTCC-Asia) ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅកម្ពុជាហើយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ។ ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យនេះ ធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រតិបត្តិការសាខាការិយាល័យ MTCC-Asia នៅកម្ពុជា គឺបានផ្ដល់អត្ថប្រយោជន៍យ៉ាងមហាសាលដល់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ី ក្នុងការលើកកម្ពស់បច្ចេកវិទ្យាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធផល ពោលគឺការកាត់បន្ថយការបំពុលបរិយាកាសដោយឧស្ម័នកាបូនឌីអ៊ុកស៊ីដឲ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើតបបម្រែប្រួលអាសធាតុសកល និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបស់វា។

លោកទេសរដ្ឋមន្ត្រី បានប្ដេជ្ញាថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការយ៉ាងមុតមាំជាមួយសាខាការិយាល័យ MTCC-Asia ដើម្បីធានាឲ្យសម្រេចបាននូវគោលបំណងសម្រាប់មនុស្សជាតិដ៏ថ្លៃថ្លានេះ ព្រមទាំងសង្ឃឹមយ៉ាងកក់ក្ដៅថាសិក្ខាសាលានេះ នឹងផ្ដល់ឱកាសដល់សិក្ខាកាមមកពីប្រទេសក្នុងតំបន់អាស៊ីបានដោះដូរបទពិសោធន៍គ្នាទៅវិញទៅមកប្រកមដោយផ្លែផ្កាបំផុត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ សហគមអឺរ៉ុប និង MTCC-Asia ដែលបានជ្រើសយកប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការសាខាការិយាល័យរបស់ខ្លួន ព្រមទាំងជូនពរឲ្យសាខាការិយាល័យនេះទទួលបានជោគជ័យគ្រប់បេសកកម្មរបស់ខ្លួន៕