(ភ្នំពេញ)៖ ក្រុមសហជីពធំៗតំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសតាមអង្គភាពព័ត៌មាន Fresh News ដែលជាបណ្តាញព័ត៌មានដ៏ធំមួយនៅកម្ពុជាឲ្យដឹងថា ក្រុមសហជីពធំៗ ព្រមានបន្តប្តឹងអ្នកនយោបាយទាំងឡាយណា ដែលធ្វើការញុះញង់ឱ្យសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ ក្រុមសហជីពបានចាត់ទុកថា ការជំរុញឱ្យមាន ទណ្ឌកម្មនេះ គឺជាការវៃបំផ្លាញឆ្នាំបាយរបស់កម្មករ ដែលនឹងធ្វើឱ្យកម្មករ កម្មការិនីរាប់លាននាក់អត់ការងារធ្វើ។

ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់នៅកម្ពុជា បានបញ្ជាក់ថា អ្នកនយោបាយដែលជំរុញឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌលើប្រទេសខ្លួន ឯងបែបនេះ គឺមិនមែនជាអ្នកនយោបាយស្នេហាជាតិនោះទេ ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ព្រោះទណ្ឌកម្មនោះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការងារកម្មកររាប់លាននាក់ នៅក្នុងប្រទេស ជាងនេះទៅទៀត ក៏នឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលទទួលបានអត្ថប្រយោជន៍ពីវិស័យកាត់ដេរផងដែរ។

ការព្រមានរបស់ក្រុមសហជីពធំៗ បានធ្វើឡើងបន្ទាប់ពីក្រុមមេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា បានអន្តរាគមន៍គ្រប់វិធី ដើម្បីឱ្យសហគមន៍អឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មដល់ប្រទេសកម្ពុជា តាមរយៈការបញ្ឈប់ការទិញសម្លៀកបំពាក់ពីកម្ពុជា និងបិទការអនុគ្រោះពន្ធ ក្នុងការនាំចូលទៅកាន់ប្រទេសនានា នៅក្នុងសហភាពអឺរ៉ុប។

ទន្ទឹមនេះនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធសរុបចំនួន១២០ បានសម្រេចដាក់ពាក្យប្តឹងលោក ជា មុនី អតីត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗបានស្នើឱ្យតុលាការ​ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត១លានដុល្លារ សហរដ្ឋអាមេរិក៕