(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានជំរុញឱ្យ អតីតសមាជិកគណបក្សសង្រ្គោះជាតិ ចេះទទួលយកការពិត ហើយគិតថា «អ្វីដែលស្លាប់ទៅហើយ នឹងមិនអាចរស់ឡើងវិញបាននោះទេ»។

លោកពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មនុស្ស រុក្ខជាតិ និងសត្វនៅពេលដែលស្លាប់ហើយ គឺមិនអាចរស់ឡើងវិញនោះឡើយ មានតែអ្នកនៅរស់ទេដែល អាចប្រឹងរស់បន្ត និងបន្តកិច្ចការរបស់អ្នកដែលស្លាប់បាន។ ការទទួលស្គាល់នូវការពិតគឺជាពន្លឺ ដែលបំភ្លឺនូវ ភាពងងឹតបាន ហើយមានតែបន្តកិច្ចការរបស់អ្នកដែលស្លាប់ទៅទេ ទើបធ្វើឲ្យកិច្ចការនោះជោគជ័យបាន មិនអាចហៅអ្នកដែលស្លាប់ហើយមកបន្តកិច្ចការនៅសេសសល់បានទៀតឡើយ»

លោកបានបន្តទៀតថា «ធ្វើជាមនុស្សត្រូវតែចេះទទួលយកការពិត ទើបអាចបង្កើតសង្គមស្អាតស្អំមួយ បានយូរអង្វែងជានិច្ចនិរន្ត។ មួយទៀត បើយើងនិយាយអំពីការធ្វើនយោបាយ និងការបង្កើតគណបក្សនយោបាយមួយនៅកម្ពុជា លុះត្រាតែបុគ្គល មានសិទ្ធិធ្វើនយោបាយដែលច្បាប់មិនបានហាមឃាត់ ទើបអាចបង្កើតគណបក្សនយោបាយបាន និងធ្វើនយោបាយបាន គឺមិនមែនបុគ្គល ដែលជាប់ពិន័យច្បាប់មកបង្កើតគណបក្សនយោបាយ តាមចិត្តនឹកឃើញនោះទេ»

សូមបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា អតីតគណបក្សនេះ មានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕