(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល១៧ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥៣លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៨៥នាក់ របួសធ្ងន់ចំនួន១៦៦នាក់ និងរបួសស្រាលចំនួន៦៩នាក់៕