(ភ្នំពេញ)៖ កម្មវិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ក្នុងការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមហើយ នៅវេលាម៉ោង៧៖០០ព្រលប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

ការប្រកួតនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់។ កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតនេះ មានឯកអគ្គរាជទូត រដ្ឋទូត របស់ប្រទេសនានាប្រចាំនៅកម្ពុជាចំនួន៧ រួមមាន៖ ឯកអគ្គរាជទូតជប៉ុន អគ្គរាជទូតថៃ អគ្គរដ្ឋទូតវៀតណាម អគ្គរាជទូតព្រុយណេ អគ្គរដ្ឋទូតម៉ាឡេស៊ី អគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងអគ្គរដ្ឋទូតប៉ាគីស្ថាន។ កីឡាករ កីឡាការិនី ដែលចូលរួមក៏មានកីឡាករ កីឡាការិនី ដែលជាជនជាតិបរទេសជាអ្នកជំនួញ ពាណិជ្ជករកំពុងរកស៊ីនៅកម្ពុជាប្រមាណជា ២០រូបមកពីប្រទេសប្រមាណ១៥។

លោក ជា បូរ៉ា ការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕