(ភ្នំពេញ)៖ អំពើឃាតកម្មមួយបានកើតឡើងទៅលើស្ដ្រីម្នាក់ ដែលជាកម្មការិនីបម្រើការនៅរោងចក្រ QMI ក្នុងខណ្ឌពោធិ៍សែនជ័យ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅ​ចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំង​ពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ​សពស្ដ្រីរងគ្រោះ ឈ្មោះ ​ព្រីម បូផា ​អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ជា សោភា បានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួល​លេខ៤២ ជាន់ទី៣ ប្រហែលពីសប្ដាហ៍មកហើយ ហើយពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត ដោយឡែកថ្ងៃកើតហេតុខាងលើអ្នកជួលនោះ មិនទាន់បានឲ្យលុយថ្លៃបន្ទប់ ខ្លួនបានឡើងមកមើលឃើញបន្ទប់នោះចាក់សោសូលិចពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល​

​បើតាមមន្ដ្រីនគរបាល សពជាស្រ្តីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងសណ្ដប់ភួយ។ សន្និដ្ឋាន​តាមការបញ្ជាក់ពី​លោក​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន បានឲ្យដឹងថាសពស្លាប់ ដោយសារអំពើឃាតកម្ម​។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាក់ទងទៅក្រុមគ្រួសារ ដើម្បីសពទៅធ្វើបុណ្យតាមប្រពៃណី៕