(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២ ព្រមទាំងប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភី ក្នុងការប្រកួតកីឡានេះ។

ពិធីប្រគល់ពានរង្វាន់នេះ ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានា។

លោក ជា បូរ៉ា អគ្គលេខាធិការសហភាពសហព័ន្ធកីឡាកូនហ្គោលកម្ពុជា បានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់។ កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតនេះ មានឯកអគ្គរាជទូត រដ្ឋទូត របស់ប្រទេសនានាប្រចាំនៅកម្ពុជាចំនួន៧ រួមមាន៖ ឯកអគ្គរាជទូតជប៉ុន អគ្គរាជទូតថៃ អគ្គរដ្ឋទូតវៀតណាម អគ្គរាជទូតព្រុយណេ អគ្គរដ្ឋទូតម៉ាឡេស៊ី អគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងអគ្គរដ្ឋទូតប៉ាគីស្ថាន។ កីឡាករ កីឡាការិនី ដែលចូលរួមក៏មានកីឡាករ កីឡាការិនី ដែលជាជនជាតិបរទេសជាអ្នកជំនួញ ពាណិជ្ជករកំពុងរកស៊ីនៅកម្ពុជាប្រមាណជា ២០រូបមកពីប្រទេសប្រមាណ១៥។

លោក ជា បូរ៉ា ការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕