(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានចោទជាសំណួរទៅកាន់សហរដ្ឋអាមេរិកថា តើលោកឯងចង់ជ្រើសរើស ទំនាក់ទំនងជាមួយតែបុគ្គលមួយក្រុមនោះ ឬជ្រើសរើសទំនាក់ទំនងជាមួយប្រជាជនកម្ពុជាទាំងមូល? (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឯងជ្រើសរើសមនុស្សប៉ុន្មាននោះ ឬជ្រើសរើសប្រជាជន១៥លាននាក់ លោកឯងជ្រើសរើសទំនាក់ទំនង ជាមួយបុគ្គលមួយក្រុម ឬក៏លោកឯងជ្រើសរើសទំនាក់ទំនង រវាងប្រទេសនិងប្រទេស»

ការចោទសួរដូច្នេះរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសដែលសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីសរុបជិត ៥ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ គ.សឆ្នាំ២០១៧នេះ។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានរឹតបន្តឹងការទូតជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរឹតបន្តឹងទិដ្ឋាការ ដល់មន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន ក្នុងការចេញចូលសហរដ្ឋអាមេរិក ដោយចោទថា ពាក់ព័ន្ធនឹងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ក្រោយពេលមានការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានទាមទារឱ្យមានការដោះលែង លោក កឹម សុខា ដែលជាប់ចោទពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយឱ្យរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ ទើបខ្លួនដកបម្រាបទិដ្ឋាការនោះទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការរបស់សហរដ្ឋអាមេរិកនេះ គឺជាការរំលោភលើអធិបតីភាពរបស់កម្ពុជា ហើយជាការជ្រៀតជ្រែកផ្ទៃក្នុង ដ៏ជ្រៅមកលើកម្ពុជា។ ជាមួយគ្នានេះ សម្តេចលើកឡើងថា កម្ពុជានឹងមិនធ្វើតាមការបង្គាប់របស់បរទេសទេ។ សម្តេចបានបញ្ជាក់ទៀតថា អ្វីៗមានទៅមានមក អាមេរិកចេះរឹតបន្តឹងទិដ្ឋាការដល់កម្ពុជា ហើយកម្ពុជាក៏ចេះប្រើប្រាស់វិធានការបែបនេះ សម្រាប់មន្រ្តីសហរដ្ឋអាមេរិកផងដែរ៕