(កែប)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានថ្លែងថា ក្មេងៗនាពេលបច្ចុប្បន្ននេះ មានឱកាសបានសិក្សារៀនសូត្រ គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។

ការលើកឡើងរបស់ លោក គុណ ញឹម បានធ្វើឡើងក្នុងឱកាសដែលោក និងភរិយា អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលបុរីកុមារខេត្តកែប (ASPECA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងពិធីនេះក៏មានវត្តមានលោក កែន សត្ថា អភិបាលខេត្តកែប ព្រមទាំងមន្ត្រីរាជការនៃខេត្តកែបមួយចំនួនផងដែរ។

ក្នុងពេលសំណេះសំណាល លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសម្តែងនូវការអាណិតអាសូរដល់កុមារទាំងអស់ក្នុងមណ្ឌល។ លោកបានគូសបញ្ជាក់ថា កុមារទាំងអស់នៅមណ្ឌលនេះ មានភ័ព្វសំណាងដោយទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភជាប្រចាំពីរាជរដ្ឋាភិបាល និងសប្បុរសជនពីគ្រប់ទិសទី ទទួលបានការរស់នៅបានសមរម្យ និងមានឱកាសបានសិក្សារៀនសូត្រដូចក្មេងដទៃទៀតដែរ ដែលទាំងនេះអាចកើតមានបានគឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។

លោកក៏បានណែនាំឲ្យកុមារទាំងអស់ចេះសាមគ្គីភាព ជួយយកអសារគ្នា និងបានលើកទឹកចិត្តដល់កុមារឲ្យខិតខំតស៊ូរៀនសូត្រ អភិវឌ្ឈខ្លួន ដើម្បីភាពជោគជ័យនៃជីវិតរបស់ខ្លួនក្នុងថ្ងៃអនាគត។

នាឱកាសនោះដែរលោកបណ្ឌិត គុណ ញឹម និងលោកជំទាវ ព្រមទាំងសហការីក្រោមឱវាទក៏បានឧបត្ថម្ភដល់កុមារចំនួន ៥៦រូប និងបុគ្គលិកបម្រើការក្នុងមណ្ឌលបុរីកុមារខេត្តកែបទាំងអស់ជាគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ មី ទឹកដោះគោខាប់ នំ និងគ្រឿងទេស សម្ភារៈសិក្សា ព្រមទាំងថវិកាមួយចំនួនផងដែរ។

បន្ទាប់ពីកម្មវិធីសួរសុខទុក្ខ លោកប្រតិភូរាជរដ្ឋាភិបាល និងសហការី រួមជាមួយលោកអភិបាលខេត្ត មន្ត្រីបរិស្ថានខេត្ត ព្រមទាំងកុមារនៃមណ្ឌលបុរីកុមារខេត្តកែប បានរួមគ្នាសម្អាតទីធ្លាតំបន់ឆ្នេរនៅទីក្រុងកែប ដើម្បីជានិមិត្តរូបនៃការថែរក្សាបរិស្ថាន ជាពិសេសដើម្បីត្រៀមអបអរសាទរ បុណ្យសមុទ្រ លើកទី៦ ជុំទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខនេះ៕