(ភ្នំពេញ)៖ រាជបណ្ឌិតសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យហានគុសប្រទេសកូរ៉េ ចំនួន៦ធំៗ ដោយផ្តោតទៅលើការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរសិស្សនិស្សិតក្នុងការសិក្សា រួមនិងការដោះដូរគ្នា ដោយបញ្ជូនលោកគ្រូអ្នកគ្រូទៅង្រៀនដល់និស្សិតទៅវិញទៅមក រវាងប្រទេសទាំងពីរ, លោកបណ្ឌិតសុខ ទូច គាំទ្រ យ៉ាងពេញទំហឹង ហើយក្រៅពីការសិក្សាទៀតសោតនោះ លោកក៏ចង់ឲ្យប្រទេសទាំង២ ស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមកឲ្យកាន់តែច្រើនជាងនេះទៀត។

ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងរាជបណ្តិតសភាកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យហានគុសប្រទេសកូរ៉េ ធ្វើឡើងនាថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការរាជបណ្ឌិតសភាកម្ពុជា ក្រោមការចូលរួមពី លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សាស្រ្តាចារ្យបណ្ឌិត In Chul Kim ប្រធានសាកលវិទ្យាល័យហានគុស លោកសាស្ត្រចារ្យបណ្ឌិត Jae Youl Kim សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យហានគុស រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់រាជបណ្ឌិតសភាកកម្ពុជា និងសាកលវិទ្យាល័យហានគុស។

នាឱកាសនោះ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា «រាជបណ្ឌិតសភាកម្ពុជា ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ហើយក្នុងផងដែរយើងនឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ អំពីការរួមសហការគ្នារវាងយើងទាំងពីរលើផ្នែកវិទ្យាសាស្ត្រ ដើម្បីឲ្យមានគ្រប់ជ្រុងជ្រោយនៃនិតីវិធីនៃប្រទេសទាំងពីរ»

លោកបន្ថែមទៀតថា សម្រាប់រាជបណ្ឌិតសភាកម្ពុជា ក្រៅពីការចុះអនិស្សរណៈយោគយល់ទាំង៦ចំណុចធំៗនៅក្នុងថ្ងៃនេះ ជាមួយនឹងសាកលវិទ្យាល័យហានគុសប្រទេសកូរ៉េនោះ កម្ពុជាក៏មានគម្រោងសិក្សាឲ្យកាន់តែច្បាស់អំពីវប្បធម៌របស់ប្រទេសទាំង២ ដើម្បីធ្វើឲ្យប្រជាជននៃប្រទេសទាំង២មានការស្វែងពីគ្នាឲ្យបានកាន់តែច្រើន អំពីបញ្ហាវប្បធម៌។

សូមរម្លឹកផងដែរថា រាជបណ្ឌិតសភាកម្ពុជា បានចាប់ដៃគូសហការជាមួយនឹងសាកលលវិទ្យាល័យកូរ៉េហានគុស អស់រយៈពេល១៣ឆ្នាំមកហើយ ដោយពង្រឹងទៅលើផ្នែកផ្សេងៗ មិនមែនត្រឹមតែការចុះ MoU លើផ្នែកសិក្សា ក៏ដូចជាការស្រាវជ្រាវប៉ុណ្ណោះទេ។

ជាមួយគ្នាដែរ លោក In Chul Kim បានឲ្យដឹងដែរថា កម្ពុជាពិតជាដៃគូរក៏សំខាន់មួយ សម្រាប់សាកលវិទ្យាល័យហានគុសប្រទេសកូរ៉េ ហើយលោកក៏បានបញ្ជាក់ផងដែរថា សាកលវិទ្យាល័យហានគុស នាពេលបច្ចុប្បន្នមាននិស្សិតសិក្សានៅទីនោះចំនួន ១៦០០០នាក់​ សិក្សាថ្នាក់បរិញ្ញាបត្រ និងមាន៣ពាន់នាក់ សិក្សាទៅលើអនុបណ្ឌិត ហើយក្នុងនោះមាន៣ពានាក់ ដែលជានិស្សិតមកពីតាមបណ្តាប្រទេសផ្សេងៗ ហើយក្នុងនោះក៏មាននិស្សិតកម្ពុជាមានចំនួន៤នាក់។

លោកបន្ថែមទាំងទឹកចិត្តរីករាយផងដែរថា សាកលវិទ្យាល័យហានគុស ចង់មានការផ្លាស់ប្តូរឲ្យបានច្រើនជាងនេះទៅទៀត ក្នុងការប្តូរគ្នាមកវិញនោះគឺចង់បាននិស្សិតកម្ពុជាទៅសិក្សាឲ្យច្រើនជាងនោះទៅទៀត លើសពីនេះក៏ចង់បានគ្រូបងៀនពីកម្ពុជា ទៅបង្រៀននៅទីនោះ។ លោកក៏បានអញ្ជើញ លោកបណ្ឌិតសុខ ទូច ឲ្យទៅទស្សនៈកិច្ចនៅសាកលវិទ្យាល័យរបស់លោកនាពេលឆាប់ៗនេះផងដែរ។

សូមបញ្ជាក់ផងដែរថា រាជបណ្ឌិតសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់(MoU) ចំនួន៦ធំៗនោះ រួមមានដូចជា៖

*ទី១៖ ការអភិវឌ្ឍន៍កម្មវិធី និងវគ្គសិក្សាដល់ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក
*ទី២៖ ផ្លាស់ប្តូរការសិក្សាកម្រិចមហាវិទ្យាល័យ ទាំងការបង្រៀន និងការស្រាវជ្រាវ
*ទី៣៖ ការជួយគ្នាទៅវិញទៅមក លើការផ្លាស់ប្តូរបុគ្គលិក និងនិស្សិតរវាងស្ថាប័នទាំង២
*ទី៤៖ សម្របសម្រួលសកម្មភាពនានា ដូចជាការសិក្សារួមគ្នា ការធ្វើបថកថា និងការបណ្តុះបណ្តាល
*ទី៥៖ ការផ្លាស់ប្តូរឯកសារស្រាវជ្រាវ ក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីចែករំឡែកចំណេះដឹង រវាងស្ថាប័នទាំង២ ក្នុងករណីណាដែលឯកសារពុំមានការហាមឃាត់ដោយច្បាប់
*ទី៦៖​ការផ្លាស់ប្តូរនិស្សិតក្នុងការសិក្សា និងការស្រាវជា្រវរវាងស្ថាប័នទាំង២៕