(ព្រះវិហារ)៖ ស្ត្រីម្នាក់ និងកូនប្រុសតូចម្នាក់ទៀត បានស្លាប់បង់ជីវិតនៅកន្លែងហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុករថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៦៩B ស្ថិតក្នុងភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។

លោកវរសេនីយ៍ទោ រួន យ៉េត អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅល្ងាចម្សិលមិញ ដោយមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបកូនប្រុសតូចមួយពីក្រោយ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះជិះចូលផ្លូវរថយន្ត ស្របពេលនោះមានរថយន្តមួយគ្រឿង បើកមកពីមុខ ក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះ និងកូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោកអធិការស្រុកបានបន្តទៀតថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ស្រី ធី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ជាភរិយារបស់លោកឧត្តមសេនីយ៍ទោ ចាន់ ណារឿន មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយឡែកកូនប្រុស ដែលរួមដំណើរពីក្រោយមានអាយុ៤ឆ្នាំ។

ចំណែកភាគីរថយន្តឈ្នោះ ជិន កេត ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរជាយោធាបម្រើការងារ នៅកងពលតូចអន្តរាគមន៍លេខ៩ បើកបររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7551។

ពាក់ពន្ធ័នឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីស្ត្រីរងគ្រោះចាំងថ្ងៃ ទើបជិះម៉ូតូចូលផ្លូវរថយន្តបែបនេះ តែករណីពិតប្រាកដយ៉ាងណានោះ គេមិនទាន់ដឹងពិតប្រាកដឡើយ។

ក្រោយការវាស់វែងរួចសមត្ថកិច្ចបា នយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុករង់ចាំ ការដោះស្រាយតាមច្បាប់ ដោយឡែកសពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕