(ភ្នំពេញ)៖ លោកបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឈរលើកត្តាសន្តិភាព នៃប្រទេសកម្ពុជា គឺនាំឲ្យយើងមានអ្វីៗទាំងអស់។ យើងបើកសណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON) នៅទីនេះ មានរយៈពេល២ឆ្នាំ យើងមានមោទនភាព អំពីភាពជោគជ៏យ ក៏ប៉ុន្តែសួរថា បើសិនបរិយាកាសសង្គមយើង អត់មានសុខសន្តិភាព តើមាននរណាគេមកស្នាក់នៅសណ្ឋាគារយើងទេ គ្មានទេ ប៉ុន្តែយើងមានសុខសន្តិភាព គឺយើងមានភ្ញៀវទេសចរ មានការគាំទ្រពីបងប្អូនទាំងឡាយនៅទីនេះ ក៏អាចរកទទួលទានមានបាន ក៏ដោយសារកត្តាសុខសន្តិភាពដែរ។

លោកបណ្ឌិត បានបន្តទៀតថា ស្របសេដ្ឋកិច្ចកម្ពុជាកំពុងរីកចំរើនបាន អាស្រ័យដោយស្ថានភាពនយោបាយល្អនៅកម្ពុជា ដោយក្នុងនោះ រាប់ទាំងបទពិសោធន៍របស់លោកជាង២០ឆ្នាំមកហើយ លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ បើគ្មានស្ថិរភាពនយោបាយទេកម្ពុជាមិនអាចរីកចំរើនគួរអោយកត់សម្គាល់បែបនេះបានឡើយ ។ ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាស្ថិរភាពនយោបាយបែបនេះ។

លោកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយក នៃសណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON) ថ្លែងបែបនេះនៅក្នុងពិធីគម្រប់ខួប២ឆ្នាំ នៃដំណើរការអាជីវកម្ម សណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON) នារាត្រី ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅសណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON) អគារលេខ៦៨ ផ្លូវ១៣៦កែងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងទៅកាន់ភ្ញៀវកិត្តិយស ដែលជាដៃគូពាណិជ្ជកម្ម បានធ្វើការគាំទ្រដល់សណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON)។

ទន្ទឹមនឹងនេះដែរ លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ភ្ញៀវ ដែលបានជ្រើសរើសយក សាន់ អេន ម៉ូន (SUN&MOON) ។ ក្នុងនោះអគ្គនាយក ក៏អរគុណដល់គណ:គ្រប់គ្រង គ្រប់ឋានុក្រម និងបុគ្គលិក គ្រប់ផ្នែកទាំងអស់របស់សាន់ អេន ម៉ូន (SUN&MOON) ដែលបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន ដែលបានធ្វើអោយសណ្ឋាគារសាន់ អេន ម៉ូន (SUN&MOON) ទទួលបានការគាំទ្រ និងទទួលបានពានរង្វាន់ និងប័ណ្ឌសសើរទាំងថ្នាក់ជាតិនិងអន្តរជាតិ ។

ដោយឡែក សម្រាប់លោក រ៉ាត់ដារ៉ា រ័ត្ន អគ្គនាយករងសណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON) ក៏បានថ្លែងចាប់អារម្មណ៍ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បើគ្មានស្ថិរភាពនយោបាយល្អទេ ការបណ្តាក់ទុនវិនិយោគរបស់វិស័យឯកជន ដូចជាវិស័យសណ្ឋាគារនេះជាដើម ក៏មិនអាចដំណើរការបានល្អដែរ ជាពិសេសសណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON) ដែលបានប្រារព្ឋពិធីខួប២ឆ្នាំ នៃការបង្កើត សាន់ អេន ម៉ូន (SUN&MOON) ផ្ទាល់តែម្តង ។

លោក Noel Furer អ្នកចាត់ការទូទៅ នៃសណ្ឋាគារ សាន់ អេន ម៉ូន (SUN&MOON)បានថ្លែងដោយវាយតម្លៃខ្ពស់ ចំពោះសេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃនេះ ខណ:ដែលលោកមកធ្វើការងារជាច្រើនឆ្នាំមកនេះ។

លោក Noel Furer បានបន្តថា ការរីកចម្រើនរបស់កម្ពុជាដ៏គួរអោយភ្ញាក់ផ្អើលនេះ រួមបញ្ចូលទាំងវិស័យអប់រំធនធានមនុស្ស និងអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជា បន្តគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ពុជាមានការអភិវឌ្ឍន៍។