(បរទេស)៖ នៅថ្ងៃសៅរ៍ ទី១៦ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ គ្រោះរញ្ជួយដីកក្រើកផ្ទួនៗ ក្នុងនោះកម្រិតខ្ពស់បំផុតរហូតដល់ ៧.៣រ៉ិចទ័រ វាយប្រហារឥណ្ឌូណេស៊ី ​និង​ផ្តាច់ជីវិតមនុស្ស កើនដល់យ៉ាងតិច០៣នាក់ និងបំផ្លាញទ្រព្យសម្បត្តិ​ជាច្រើនទៀត។

២៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ UN បង្ហាញក្តីព្រួយជាខ្លាំង អំពីហានិភ័យកាន់តែខ្ពស់ឡើង​នៃការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងយោធា នៅលើឧបទ្វីបកូរ៉េ។

៣៖ ប្រជាជនអាមេរិក នាំគ្នាចូលរួមសម្តែងក្តីគោរពជាលើកចុងក្រោយ ចំពោះអភិបាលអាស៊ី-អាមេរិកដំបូងបំផុត​​នៃទីក្រុង San Francisco ដែលបានទទួលមរណភាពភ្លាមៗ នាដើមសប្តាហ៍នេះ ក្នុងវ័យ៦៥ឆ្នាំ។

៤៖ កាតាប្រារព្ធពីធីហាត់សមព្យុហយាត្រាយោធា ដើម្បីត្រៀមសម្រាប់ថ្ងៃបុណ្យជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែធ្នូខាង​មុខ​នេះ។

៥៖ ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌ ក្នុងបរិវេណសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ មិនបដិសេធ​ចំពោះ​ការ​លើក​លែង​ទោស ដល់លោក Michael Flynn ដែលជាអតីត​ទីប្រឹក្សា​សន្តិ​សុខ​ជាតិរបស់លោកផ្ទាល់​នោះ​ឡើយ។

៦៖ ផ្ទុះព័ត៌មានដ៏កក្រើក ពាក់ព័ន្ធការប្រហារជីវិត អ្នកមានអំណាចធំលំដាប់ទី២ នៅកូរ៉េខាងជើង ដែលជាបញ្ជារបស់​ប្រមុខដឹកនាំ​កំពូលផុតលេខ លោក គីម ជុងអ៊ុន។

៧៖ ទីបំផុតក្រុមហ៊ុន SpaceX សម្រេចជោគជ័យធំ លើគំរោងប្រើប្រាស់ឡើងវិញ នៃយានដឹកទំនិញចាស់ៗ ទៅទីអវកាស៕