(កំពង់ចាម)៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៤គ្រួសារ ដែលទទួលមរណភាព ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា៤លានរៀល។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល បានឲ្យដឹងថា គ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណភាពនោះរួមមាន ទី១៖ សពលោក ស្រេង សំអៀង អាយុ៦៦ឆ្នាំ នៅស្រុកព្រៃឈរ, ទី២៖ សពលោកស្រី ញាណ ផល អាយុ៤៧ឆ្នាំ នៅស្រុកចំការលើ, ទី៣៖​ សពលោកស្រី អ៊ុន ឈូក អាយុ៨៤ឆ្នាំ នៅស្រុកស្ទឹងត្រង់ និងទី៤៖សពលោក ហុង ឡេងឡុង អាយុ៦៥ឆ្នាំ នៅស្រុកកងមាស។

​ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសារ​សពយុទ្ធជន ដែលបានពលីទាំង៤គ្រួសារនោះ ត្រូវយកថវិកាទាំងអស់នោះ ទៅបែងចែកឲ្យចំគោលដៅ មិនយកទៅប្រើប្រាស់ផ្ដេះផ្ដាស់នោះទេ ព្រោះនាំឲ្យខាតបង់ដល់ក្រុមគ្រួសារ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ថ្នាក់ដឹកនាំ ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នោះផងដែរ និងបានចាត់ទុកនេះជាការបាត់​ ឪពុក ម្ដាយ ដ៏ជាទីគោរពផងដែរ៕