(ភ្នំពេញ)៖ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានចុះសាកសួរសុខទុក្ខប្រជាពលករខ្មែរ ប្រមាណជាង២៥០នាក់ ដែលកំពុងធ្វើការងារនៅក្នុងចំការអំពៅ នាខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងដំណើរស្វែងយល់ពីសុខទុក្ខរបស់ពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេស​ថៃ នាពេលនេះមានការអមដំណើរដោយលោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង, លោក យ៉េម សុវិទ្យ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងក្រុមការងារជាច្រើនរូបទៀត។

លោក ឈាង វុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេច​ សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់ពលករទាំងអស់ផងដែរ។

លោកបានលើកឡើងថា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តែងតែគិតគូរពីសុខទុក្ខរបស់ពលករខ្មែរ ដែលបានចេញមកធ្វើនៅប្រទេសគេ ពិសេសពលករខ្មែរ ដែលកំពុងធ្វើការនៅ ប្រទេសថៃនេះ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា បានខិតខំចចារជាមួយភាគីថៃជាប្រចាំដើម្បីការពារផលប្រយោជន៍ពលករខ្មែរ ហើយរដ្ឋាភិបាលថៃ ក៏បានសន្យាថា នឹងការពារថែរក្សាពលករខ្មែរ ឲ្យទទួលបាននូវអត្ថប្រយោជន៍នានា ស្របទៅតាមច្បាប់របស់ប្រទេសគេ។

ប្រធានគណៈកម្មការកិច្ចការបរទេស បានគូសបញ្ជាក់ថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារឲ្យជំរុញ និងពិភាក្សាជាមួយប្រទេសថៃ ដើម្បីធ្វើយ៉ាងណាឲ្យពលករខ្មែរ ដែលកំពុងធ្វើការខុសច្បាប់ បានបំពេញឯកសារ ក្លាយជាពលករស្របច្បាប់។ ជាមួយគ្នានេះ លោកផ្ទាល់ក៏ធ្លាប់បានមកចរចារជាមួយរដ្ឋាភិបាលថៃ និងបានពិភាក្សាជាមួយរដ្ឋសភាថៃ ដើម្បីការពារអត្ថប្រយោជន៍នានា ជួនពលករកម្ពុជានោះផងដែរ។

ជាមួយគ្នានោះ លោក ឈាង វុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ អង្គការ សមាគមថៃ ដែលជួយការពារ និងសម្រួលដល់ពលករខ្មែរ។ ទន្ទឹមនឹងនោះ លោកមានសង្ឃឹមថា រាល់សំណូមពរ ឬការលំបាកនានារបស់ប្រជាពលរដ្ឋខ្មែរ ដែលនៅសេសសល់ រដ្ឋាភិបាលកម្ពុជា នឹងខិតខំដោះស្រាយ ដោយមិនទុកឲ្យប្រជាពលរដ្ឋមានផលលំបាក មានបញ្ហា នៅក្នុងប្រទេសគេនោះទេ។ នៅក្នុងឱកាសនោះ លោក ឈាង វុន ក៏បានចែកជូននូវថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋខ្មែរផងដែរ៕