(កំពត​)៖ យុវសិស្ស​ជានារី​ នៃ​វិទ្យាល័យ «​ហ៊ុន សែន ​អង្គស្តុក​» ប្រមាណ​១១​នាក់ ​បានដួលសន្លប់ដេកស្តូកស្តឹងជាបន្តបន្ទាប់ នៅក្នុងបន្ទប់រៀន និងក្នុងបរិវេណសាលា ដោយមិនដឹងអំពីមូលហេតុអ្វីឡើយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចសាលាវិទ្យាល័យខាងលើ ស្ថិតក្នុងភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ។

មន្ត្រីនគរបាលស្រុកអង្គរជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា «កាលពី​ព្រឹកមិញនេះ ពិតជាមានករណីសិស្សសាលាវិទ្យាល័យ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​មែន។ ក្រោយសមត្ថកិច្ចទទួលដំណឹងនេះភ្លាម កម្លាំង​ក៏បាន​ចុះ​ដល់​គោលដៅ និង​បញ្ជូន​សិស្ស​រងគ្រោះ ​ទៅកាន់​មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ដោយ​លើក​ទី​១ មានសិស្សនារី ចំនួន​០៦នាក់ និង​បន្ទាប់មកលើក​ទី២ សិស្សស្រីចំនួន០៥នាក់​ទៀត»។

មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះ​ទាំងអស់រហូតមកដល់​វេលា​នេះ ជំនាញ​រក​មិនទាន់​ឃើញ​ពី​មូលហេតុ ដែលនាំឱ្យ​មាន​ករណី​ដួល​ដ​ន្ល​ប់​នេះនៅឡើយទេ។ តែទោះជាយ៉ាងណា មន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច កំពុងស្វែងយល់ និងស្រាវជ្រាវ ដើម្បីរកមូលហេតុ នៃការកើតករណីខាងលើនេះ​ហើយ៕