(ភ្នំពេញ)៖​ ផ្សារច្បារអំពៅ​ នាពេលបច្ចុប្បន្នកំពុងផ្លាស់ប្តូរមុខមាត់ថ្មី​ ដោយកែលម្អនូវបញ្ហា និងរូបភាពអសកម្មមួយចំនួន​ ក្រោមការដឹកនាំរបស់លោក​ គួច​ ចំណាន​ ប្រធានគណៈកម្មការផ្សារច្បារអំពៅ​ថ្មី ដែលមានការចង្អុលបង្ហាញពីអភិបាលខណ្ឌច្បារអំពៅ។

លោក​ ថេង​ សុថុល​ អភិបាលរងខណ្ឌច្បារអំពៅ​ និង​លោក​ គួច​ ចំណាន​ នៅរសៀលថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៧នេះ បានចុះពិនិត្យការស្ថាបនាប្រព័ន្ធលូ​ ក្នុងផ្សារច្បារអំពៅ​ ដោយបានលើកផ្លូវកម្ពស់ពីរតឹក​ ដាក់លូគម្របងាយស្រួលស្តារ និងបង្ហូរទឹក​ដើម្បីបញ្ជៀសការជន់លិចក្នុងផ្សារ​ ដែលតែងកើតឡើងកន្លងមក​។

ក្នុងពេលពិនិត្យការស្ថាបនាប្រព័ន្ធលូ​នេះ​ លោក​ គួច​ ចំណាន​ អំពាវនាវឱ្យអាជីវករ​ត្រូវរក្សាអនាម័យ​ សណ្តាប់ធ្នាប់ក្នុងផ្សារ​។​ ប្រធានគណៈកម្មការផ្សារច្បារអំពៅ​ សូមឱ្យអាជីវករ​ ដាក់តាំងលក់ទំនិញតាមគំនូសដែលបានកំណត់​ ចៀសវាងការលយចេញមកលើផ្លូវ​ ដែលបង្កការកកស្ទះ​ ពិបាកធ្វើដំណើរទិញទំនិញពីប្រជាពលរដ្ឋ​ ណាមួយការចង្អៀតនេះ​ ជា​ឱកាសរបស់ក្រុមចោរលូកហោប៉ាវផងដែរ។

ជាមួយគ្នានេះ​លោក​ ថេង​ សុថុល​ មានគម្រោងដាក់ប្រព័ន្ធលូមេមួយខ្សែចេញពីផ្សារច្បារអំពៅ​ ដល់ផ្លូវលេខ៣៦៩​ ដែលមានមុខកាត់ទំហំមួយម៉ែត្រកន្លះ​ ដើម្បីបញ្ជៀសការជន់លិចក្នុងបរិវេណផ្សារផងដែរ​ ។ ដើម្បីសោភ័ណភាពផ្សារ​ អនាម័យ​ល្អ​ សណ្តាប់ធ្នាប់ល្អ​ និងគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ​ គណៈកម្មការផ្សារអំពៅ​ រៀងរាល់មួយខែម្តង​ ក៏មានការលាងសំអាតផ្សារច្បារអំពៅ​ផងដែរ​ ។

ក្នុងឱកាសនោះដែរលោក ថេង សុថុល ក៏បានណែនាំឲ្យគណៈកម្មការផ្សារ រៀបចំលាបថ្នាំដំបូលផ្សារ និងបរិវេណជុំវិញដំបូលផ្សារឲ្យមានសោភ័ណភាពល្អឡើងវិញផងដែរ។ ក្រុមអាជីវករ​ សម្តែងការសាទរចំពោះការដឹកនាំរបស់លោក​ គួច​ ចំណាន​ ប្រធានគណៈកម្មការផ្សារអំពៅ​យ៉ាងខ្លាំង​៕