(ភ្នំពេញ)៖ សាលាអប់រំកុមារកម្រិតអន្តរជាតិ ដែលបង្រៀន៣ភាសាក្នុងពេលតែមួយ គឺភាសខ្មែរ ចិន និងអង់គ្លេស ត្រូវបានបើកទ្វារហើយនៅក្នុងប្រទេសកម្ពុជាជាមួយទុនវិនិយោគរហូតដល់ទៅ៥៦លានដុល្លារសហរដ្ឋអាមេរិក។

សាលាផ្តល់ការអប់រំដល់កុមារចាប់ពីថ្នាក់មតេយ្យ ដល់វិទ្យាល័យកម្រិតស្តង់ដារអន្តរជាតិនេះ មានឈ្មោះថា ស៊ូឌូ បាយលីងហ្គល អ៉ីនធើណេសិណល (shoudu bilingual international) មានលោកស្រីឧកញ៉ា លីម ឈីវហូរ ជាអគ្គនាយិកា។ ពិធីសម្ពោធសាលានេះ ត្រូវ បានធ្វើឡើងយ៉ាងមហោឡារឹកនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួមពីលោក សិរី ជ័យជម្នះ អនុរដ្ឋលេខាធិ ការក្រសួងអប់រំ យុវជន និងកីឡា តំណាងស្ថានទូតចិន ឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហៃយ៍ ឧកញ៉ា ពុង ខៀវសែ ប្រធានសមាគមមិត្តភាពចិន-កម្ពុជា លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកម្ម។

ពិធីដ៏អធឹកអធមនេះ ក៏មានការអញ្ជើញចូលរួមពីមាតាបីតា អាណាព្យាបាលសិស្ស ដែលភាគច្រើនសុទ្ធតែជាអ្នកជំនួញល្បីៗនៅក្នុងប្រទេសកម្ពុជា។

លោកស្រី លីម ឈីវហូរ បានឲ្យដឹងថា សាលារបស់លោកស្រី សហការជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដែលមានបទពិសោធន៍ខ្ពស់លើការអភិវឌ្ឍកម្មវិធីសិក្សា ស្របទៅតាមស្តង់ដារ និងគុណភាពអប់រំអន្តរជាតិ។ លោកស្រីបន្តថា សាលានេះមានទីធ្លាធំទូលាយ និងមានផាសុកភាព មានបំពាក់ឧបករណ៍បរិក្ខារ ទំនើប ដើម្បីជាជំនួយក្នុងការសិក្សា ព្រមទាំងមានទទួលបង្រៀន ក្មេងចាប់ពីអាយុ ៣ឆ្នាំឡើងរ ហូតដល់ថ្នាក់ទី១២។

លោកស្រី លីម ឈីវហូរ បន្តថា កម្មវិធីសិក្សានៅក្នុងសាលានេះស្របតាមស្តង់ដារ ក្រសួងអប់រំជាតិ និងអន្តរជាតិ និងមានបង្រៀនភាសាខ្មែរ អង់គ្លេស និងចិន ដែលមានគរុកោសល្យ និងបទពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក។ លើសពីនេះទៀតសាលាមានដៃគូអន្តរជាតិជាច្រើនដែលទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្ដូរ បទពិសោធន៍គ្នា ទៅវិញទៅមកជារៀងរាល់ឆ្នាំ ទាំងគ្រូ ទាំងសិស្សក្នុងកម្មវិធីសិក្សា។

បច្ចុប្បន្ននេះមានអាណាព្យាបាលជាច្រើនមានជីវភាពធូរធារ ហើយចង់ឲ្យកូនទទួលបានការអប់រំកម្រិតខ្ពស់នោះ បានបញ្ជូនកូនៗរបស់ពួកគេទៅសិក្សានៅក្រៅប្រទេស។ លោក ពុង ខៀវសែ និងលោក ឯក សំអុល បានមើលឃើញវត្តមានសាលាមួយនេះ នឹងរួមចំណែកផ្តល់ការប្រកបដោយគុណភាព ជាពិសេសរួមចំណែកកាត់បន្ថយការបញ្ជូនកូនខ្មែរទៅសិក្សានៅក្រៅប្រទេស។

ឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងថា ការអប់រំ ជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកឯកអគ្គរដ្ឋទូត រំពឹងថា សាលាមួយ នេះនឹងជួយបណ្តុះបណ្តាលកូនខ្មែរឲ្យមានសមត្ថភាពកាន់តែខ្លាំងក្លា ដើម្បីបង្កើនធនធានសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោក សិរី ជ័យជម្នះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងគុណភាពអប់រំ។ លោកបានស្វាគមន៍ និងសម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះវត្តមានសាលា ស៊ូឌូ បាយលីងហ្គល អ៉ីនធើណេសិណល។

លោក សិរី ជ័យជម្នះ ជឿថា សាលានេះនឹងផ្តល់ការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ។

លោកស្រីឧកញ៉ា បញ្ជាក់ទៀតថា លោកស្រី និងគណៈគ្រប់គ្រងសាលាទាំងមូល នឹងប្ដេជ្ញាចិត្តជំរុញបន្ថែមទៀតឲ្យការសិក្សាក្នុងសាលានេះចូលទៅក្នុងស្តង់ដារអាស៊ាន ដែលបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង និងព្យាយាមកាត់បន្ថយសិស្សទៅសិក្សានៅបរទេសដែលនឹងទទួលបានស្តង់ដារតែមួយនៅសាលានេះ។

ក្នុងពិធីបើកសម្ពោធសាលានាព្រឹកមិញនេះ ក៏មានការរៀបចំឲ្យកុមារតូចៗឡើងបង្ហាញសមត្ថភាពរបស់ពួកគេក្នុងការនិយាយភាសចិន និងអង់គ្លេសផងដែរ។ តាមរយៈការបង្ហាញនោះ គឺកុមារតូចៗទាំងនោះមានសមត្ថភាពនិយាយភាសាអង់គ្លេស និងចិន យ៉ាងស្ទាត់ជំនាញ នាំឲ្យមានការស្ញប់ស្ញែងជាច្រើនពីអ្នកចូលរួម៕