(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ចាម បានប្រកាសបញ្ចូលសមាជិកបក្សថ្មី ដែលជាអតីត មេឃុំ សមាជិក ក្រុមប្រឹក្សាទាំងពេញសិទ្ធិ និងបម្រុង របស់គណបក្សសង្រ្គោះជាតិចំនួន​៣១៦នាក់ ដែលស្រី១៧៤នាក់ មកពីឃុំ​ចំនួន០៣ គឺឃុំផ្ដៅជុំ ចំនួន៣៦នាក់ ស្រី២១នាក់ ឃុំព្រៃចារ​ចំនួន២២០ នាក់​ស្រី១២២ និងឃុំសូទិព្វ ចំនួន៦០នាក់ ស្រី៣១នាក់​។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមាន លោក​ ម៉ា ឈឿន សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​ថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ និងជាតំណាសរាស្ត្រ​ខេត្តកំពង់ចាម, លោក លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមគណៈកម្មាធិការបក្សខេត្ត អនុប្រធានការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម, លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងលោក ហារី សំអាត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ ​លោក គួច ចំរើន បានសម្ដែងនូវការទទួលស្វាគមន៍ របស់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើប ប្រកាសបញ្ជូលថ្មី ​ដោយលោកបានចាត់ទុកថា អតីតសមាជិកគណបក្សសង្គ្រោះទាំងអស់នេះ ពិតជាបានសម្រេចចិត្តយ៉ាង ត្រឹមត្រូវណាស់ ដែលបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីប្រជាជន និងបម្រើប្រជាជន ពិតប្រាដក។

បើតាមលោក គួច ចំរើន គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺជាពិតជានៅរួមរស់ ជាមួយពលរដ្ឋយ៉ាងពិតប្រាកដ មិនបានសន្យាខ្យល់ដូចបក្សដ៏ទៃនោះទេ ពោលគឺគណបក្សប្រជាជនកម្ពុជា ហ៊ានសន្យា ហើយនោះ គឺត្រូវតែធ្វើជាដាច់ខាត មិនមែនសន្យាតែមាត់ មិនដែលចេញលទ្ធផលអ្វីនោះទេ។

ថ្នាក់ដឹកនាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សផ្សេងៗសុទ្ធតែបាននិយាយមកអួតអាង អះអាងសន្យាអំពីអ្វី ដែលពួកគេចង់ធ្វើដើម្បីប្រជាជន ប៉ុន្ដែនៅពេលដែលប្រជាជនមានទុក្ខពិតប្រាកដ ពួកគេមិនមានវត្តមានរួមរស់ជាមួយ ប្រជាជននោះទេ [...] គណបក្សប្រជាជនដែលបានកើតឡើងពីប្រជាជន ដើម្បីប្រជាជន គឺយើងពិតប្រាកដណាស់ នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ គណបក្សប្រជាជននៅតែរួមរស់ជាមួយ ប្រជាជន»

លោក គួច ចំរើន ប្រកាសបន្ថែមថា ទោះបីប្រទេសជាតិមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះក៏ពិតមែន ប៉ុន្ដែគណបក្ស ប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សធ្លាប់បានសន្យាជារឿយៗ៕