(ភ្នំពេញ)៖ ក្រៅពីបង្ហាញសោកស្ដាយយ៉ាងពន់ពេក មេសហជីពដ៏ធំនៅកម្ពុជា តំណាងឲ្យក្រុមកម្មករលើវិស័យវាយនភណ្ឌជិតកន្លះលាននាក់ បានចាត់ទុកការអំពាវនាវសារជាថ្មី ពាក់ព័ន្ធការអំពាវនាវរបស់សហភាពអឺរ៉ុប មកលើរាជរដ្ឋាភិបាលកម្ពុជា គឺមានចេតនាយ៉ាងពេញទំហឹង លើការបំផ្លាញឆ្នាំងបាយរបស់កម្មករ នៅទូទាំងប្រទេស។

មេសហជីពរូបនេះ ក៏បានប្រកាសថ្កោលទោសខ្លាំងៗចំពោះបុគ្គល សម រង្ស៊ី ដែលចង់សហភាពអឺរ៉ុបបញ្ឈប់ការនាំទំនិញពីកម្ពុជា។ លោកបញ្ជាក់ថា បើអ្នកនយោបាយណាទៅជំរុញឱ្យសហភាពអឺរ៉ុប និងអាមេរិក ដាក់រនាំងពាណិជ្ជកម្មលើទំនិញកម្ពុជា អ្នកនយោបាយនោះ ត្រូវទទួលខុសត្រូវលើការបាត់បង់ ការងាររបស់កម្មករខ្មែរ និងសូមអំពាវនាវឱ្យកម្មករតាមដាននរណាទៅជម្រុញ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ឱ្យធ្វើបាបកម្មករខ្មែរ។

ជាមួយគ្នានេះលោកបានផ្ញើសារទៅកាន់ សម រង្ស៊ី ដែលកំពុងយកបរទេសជ្រកកោន គេចវេសពីសំណាញ់ច្បាប់កម្ពុជា បញ្ឈប់ការយកកម្មករ ទៅដោះដួរផលប្រយោជន៍របស់ខ្លួនតទៅទៀត។

ប្រធានសភាសហភាពសហព័ន្ធកម្ពុជាលោក សោម អូន តាមរយៈបណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបានផ្ដាំទៅ សម រង្ស៊ី ដែលតែងតែរត់គេចខ្លួនចាកចេញពីប្រទេសម្ដងហើយម្ដងទៀត បញ្ឈប់សកម្មភាព និងទង្វើដែលនាំឲ្យសម្លាប់កម្មករ ដែលជាកូនរបស់ពលរដ្ឋខ្មែរ តាមរយៈការអបអរសាទរ និងចង់ឃើញសហភាពអឺរ៉ុបបញ្ឈប់ការនាំទំនិញ ជាពិសេសទំនិញវាយនភណ្ឌពីកម្ពុជា ព្រមទាំងការផ្អាកផ្តល់ជំនួយ។

ប្រតិកម្មបានធ្លាក់មកជាបន្ដបន្ទាប់នៅថ្ងៃនេះ ទាំងប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន​, មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស, សមាគមកាត់ដេរកម្ពុជា (GMAC) និងមេសហជីពធំៗ បានកើតឡើងបន្ទាប់ពី សម រង្ស៊ី នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះខ្លឹមសារបំភ្លៃពីខ្លឹមសារដើមដែលថា សហភាពអឺរ៉ុប ដែលមានប្រទេសទាំង២៧ បិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា, ផ្អាកជំនួយទាំងអស់ និងផ្អាកផ្ដល់ទិដ្ឋាការរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោក សោម អូន បានបញ្ជាក់យ៉ាងដូច្នេះថា «នេះមិនមែនជាលើកទី១ទេ ដែលលោក សម រង្ស៊ី នៅពេលរត់ចោលស្រុកម្ដងៗ គេចវេសពីការកាត់ទោស គឺគាត់ព្យាយាមបំផ្លាញការរីកចម្រើនរបស់ជាតិ ជាពិសេសនោះ គាត់តែងតែយកកម្មករទៅដោះដូរផលប្រយោជន៍ផ្ទាល់ខ្លួន នេះសបញ្ជាក់យ៉ាងច្បាស់ថា បុគ្គល សម រង្ស៊ី មិនបានស្រឡាញ់កម្មករ ហើយធ្វើផ្ទុយពីឆន្ទះរាស្ដ្រយ៉ាងពិតប្រាកដ»

មេសហជីពរូបនេះ បានលើកឡើងថា តាមពិតទៅតាមការពិនិត្យលើខ្លឹមសារដែលសហភាពអឺរ៉ុប មាន២៧ប្រទេសចេញនោះ គឺគ្រាន់តែជាញ្ញត្តិ និងជាការអំពាវនាវប៉ុណ្ណោះ មិនមែនជាវិធានការណ៍របស់រដ្ឋាភិបាលសហភាពអឺរ៉ុប មកលើកម្ពុជានោះឡើយ។

ជាមួយគ្នានេះ លោកសូមអំពាវនាវ និងមានក្ដីសង្ឃឹមថា សហភាពអឺរ៉ុប នឹងមិនធ្វើទៅតាមការញុះញង់ ឬជាការរាយការណ៍ផ្ទុយពីទិដ្ឋភាព ជាក់ស្ដែងនៅក្នុងប្រទេស ហើយបច្ចុប្បន្ននេះរោងចក្រជាច្រើន ដែលវិនិយោគលើវិស័យវាយនភណ្ឌ ក៏បាននិងកំពុងដំណើរការផ្ដល់សេដ្ឋកិច្ច និងផ្ដល់ប្រយោជន៍យ៉ាងច្រើនជូនដល់កម្មករ និយោជិកទាំងផ្ទាល់ និងប្រយោលរាប់លាននាក់ ក្រោមដំបូលសន្ដិភាព នៃការគ្រប់គ្រងការកាច់ចង្កូតពីបុរសខ្លាំង តេជោសែន៕