(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ ជួយសម្របសម្រួលដល់ ពលករកម្ពុជា ដែលទៅស្វែងរកការងារធ្វើ នៅក្នុងប្រទេសថៃ ខណៈដែលបច្ចុប្បន្ននេះ មានពលករកម្ពុជារាប់ម៉ឺននាក់ បាននឹងកំពុងធ្វើការនៅប្រទេសថៃ។

ការស្នើសុំបែបនេះ បានធ្វើឡើងក្នុងកិច្ចជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ជាមួយលោក ប្រាជីន ជុនទុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។ កិច្ចជំនួបនេះ បានរៀបចំធ្វើឡើងនាទីស្តីការក្រសួងមហាផ្ទៃ កម្ពុជា។

សម្តេចក្រឡាហោម បានឲ្យដឹងថា បញ្ហាពលករកម្ពុជា ធ្វើនៅប្រទេសថៃនេះ គឺកម្ពុជា-ថៃ បានទទួលផលប្រយោជន៍ទាំងសងខាង។ ពលករកម្ពុជាទទួលបានផលប្រយោជន៍ សម្រាប់គាំទ្រជីវភាពរបស់ខ្លួន ដោយឡែកខាងភាគីថៃ ជាពាណិជ្ជករទទួលបានផលប្រយោជន៍ ពីពលកម្មរបស់ពលករកម្ពុជា។

ចំពោះបញ្ហានេះ សម្តេចក្រឡាហោម ស្នើឲ្យស្ថាប័នពាក់ព័ន្ធរវាងកម្ពុជាថៃ ត្រូវធ្វើយ៉ាងណាសហការគ្នា សម្របសម្រួលដល់ដំណើរការឆ្លងដែន របស់ពលករកម្ពុជាទៅធ្វើការ នៅប្រទេសថៃ អាចប្រព្រឹត្តិទៅក្នុងភាពស្របច្បាប់ នៃប្រទេសទាំងពីរ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ប្រាជីន ជុនទុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ បានទទួលយកនូវសំណើររបស់សម្តេចក្រឡហោម ដើម្បីយកទៅជជែកពិភាក្សា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់ថៃ ដែលក្នុងនោះ គឺមានក្រសួងការងារ និងក្រសួងមហាផ្ទៃ របស់ថៃ ដែលធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ។

ក្នុងជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃកន្លងមក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ថៃមកកម្ពុជានៅពេលនេះ គឺនឹងជំរុញកិច្ចចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត៕