(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្លែងថា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញទំនិញទៅបរទេស គិតជាទឹកប្រាក់សរុប ប្រមាណ៨ពាន់លានដុល្លារ កើនឡើងប្រមាណ១១% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៍ផលិតផល នាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នោះថា «វិស័យពាណិជ្ជកម្មកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ ទីផ្សារអន្តរជាតិ មានការកើនទ្បើងជាលំដាប់។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៦ កម្ពុជាបាននាំចេញទំនិញទៅបរទេស គិតជាទឹកប្រាក់សរុបប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណ ១១% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥»

សម្ដេចតេជោ បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវកម្លាំងចលករសំខាន់ចំនួន៤ ដែលកំពុងតែជំរុញកំណើនសេដ្ឋកិច្ច រួមមាន៖ ទី១- វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ទី២- វិស័យសំណង់ ទី៣- វិស័យទេសចរណ៍ និងទី៤- វិស័យកសិកម្ម។ ដោយមានកម្លាំងពលកម្មដ៏ខ្លាំងក្លា និងធនធានដ៏សម្បូរបែប រួមជាមួយនឹងគោល នយោបាយច្បាស់លាស់ ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ នៅក្នុងឆ្នាំ២០១៦ កម្ពុជាបានទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស ក្នុងទុនវិនិយោគសរុបចំនួន ៣,៦០៩.៧០ លានដុល្លារ ក្នុងនោះ វិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន ៣៤%, វិស័យហេដ្ឋារចនាសម្ព័ន្ធ ១៥%, វិស័យកសិកម្ម ១៣% និងវិស័យទេសចរណ៍ ៣៨%។

សម្ដេចតេជោ បានបន្ថែមទៀតថា ដើម្បីជំរុញឲ្យវិស័យទាំងបួនខាងលើ កាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្ន ពីប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចបានគោលដៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនេះ តម្រូវឲ្យមានការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ១២ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ និងកាត់បន្ថយចំណាយដឹកជញ្ជូន និងថាមពលអគ្គិសនី។ សម្ដេចតេជោ បន្ថែមថា ដោយសារការរក្សាបាននូវសន្តិភាព សន្តិសុខសង្គម និងស្ថានភាពសេដ្ឋកិច្ច និងនយោបាយល្អ គ្រប់ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា មានឱកាស បំពេញតួនាទីរបស់ខ្លួន បានល្អប្រសើរ។

សម្ដេចតេជោ ហ៊ុន សែន បន្ដថា «ជាក់ស្តែងក្រសួងពាណិជ្ជកម្ម បាននិងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងល្អ ក្នុងការបម្រើសេវាសាធារណៈជូនពាណិជ្ជករ អាជីវករ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្ម ការងារចេញវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ដល់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែន បានអនុវត្តន៍គម្រោងការប្រើប្រាស់វិក្កយបត្រ សម្រាប់ធ្វើ ប្រតិវេទន៍ស្វ័យ បញ្ជាក់ប្រភពដើមទំនិញ ក្នុងអាស៊ានកែលម្អប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ រៀបចំប្រកាសរួម ស្តីពីការកែប្រែទម្រង់ សេវាសាធារណៈ (លុបចោលកម្រៃ គ្រប់គ្រងការនាំចេញ) ដើម្បីជួយសម្រាលបន្ទុកដល់ម្ចាស់រោងចក្រក្នុងការ ដំឡើងប្រាក់ខែគោលជូនកម្មករ កម្មការិនីយើង»

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជន ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ គប្បីចូលរួម និងប្រើប្រាស់ឱ្យអស់ លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់យើង ដើម្បីទទួលបានជោគជ័យថ្មីៗ ថែមទៀតលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួនផងដែរ៕