(ភ្នំពេញ)៖ ប្រជាកសិករ ដែលប្រកបរបដាំបន្លែធម្មជាតិ មានការបាក់ទឹកចិត្តជាខ្លាំង គ្មានកំលាំងកំហែង ក្នុងការបន្ដដាំបន្លែ​ធម្មជាតិ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដោយសារការនាំចូលបន្លែពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាមយ៉ាងគំហុក ដែលបន្លែដែលនាំចូលមានតម្លៃថោកផងដែរ។

លោក លី ណារ៉ុង ម្ចាស់ផ្សារបន្លែសហគមន៍ធម្មជាតិ ដែលមានទីតាំងស្ថិតក្នុង ស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច ស្ថិតនៅតាមផ្លូវមិត្តភាពកម្ពុជា-វៀតណាម (ផ្លូវហាណូយ) ជាប់សាលាអន្តរជាតិប៊ែលធី បានឲ្យដឹងថា «មានការនាំចូលបន្លែច្រើនលើសលុប នៅពេលដែលខ្ញុំ ចុះតាមសហគមន៍បន្លែធម្មជាតិ ទើបបានដឹងថា ពួកគាត់បាក់ទឹកចិត្តជាខ្លាំង មិនចង់ដាំបន្លែបន្ដទៀត ព្រោះពួកគាត់យល់ថា មានលុយតែ៥០០រៀល ក៏អាចទិញបន្លែលើទីផ្សារបាន​ដូចគ្នាដែរ ប៉ុន្តែដោយសារតែមានការជំរុញលើកទឹកចិត្ត និងស្វះស្វែងរកទីផ្សារទើបពួកគាត់នៅតែបន្តដាំបន្លែតទៅទៀត»

លោក លី ណារ៉ុង បានបន្ដទៀតថា ការបរិភោគបន្លែធម្មជាតិនេះ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពដូចជា ជំនួយសុខភាព​រឹងមាំល្អ ការពារនូវជំងឺ លើសពីនេះបន្លែផ្លែឈើធម្មជាតិខ្លះទៀត ក៏អាចជួយព្យាបាលជំងឺផងដែរ។

លោកក៏បានបញ្ជាក់ទៀតថា ដើម្បីសំគាល់ថាបន្លែមួយ ជាបន្លែធម្មជាតិ ឬបន្លែប្រើប្រាស់សារធាតុគីមី គឺ ធម្មតាបន្លែធម្មជា តិតែងតែមាន​សត្វល្អិតដូចជាដង្កូវស៊ី ស្លឹក ស៊ីដើម រីឯសម្បុរវិញមិនខៀវពេក មិនស្រស់ពេក ប្រសិនបើប្រៀបធៀបទៅនឹងបន្លែដែលនាំចូលពីប្រទេសជិតខាងវិញ គុម្ពរីកធំល្អ ស្រស់ រក្សាទុកបានយូរ និងមិនមានដង្កូវស៊ីនោះឡើយ។ រាល់បន្លែធម្មជាតិ នៅពេលដែលបរិភោគមាន
រសជាតិឆ្ងាញ់ ខុសប្លែកពីបន្លែគីមី។

សូមជម្រាបថា ប្រទេសកម្ពុជាត្រូវបានគេអះអាងថា បានចំណាយប្រាក់ប្រមាណជា២០០លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីនាំចូលបន្លែពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម មកផ្គត់ផ្គង់តម្រូវការបន្លែក្នុងស្រុក ដែលចេះតែកើនឡើង។ បើគិតក្នុងមួយថ្ងៃ ប្រទេសកម្ពុជា ត្រូវបាននាំចូលបន្លែចំនួន៤០០តោន៕