(ភ្នំពេញ)៖ អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌ ឃាត់ចាប់រថយន្ដបែនធុនធំចំនួន១៥គ្រឿង ដែលធ្វើចរាចរដឹកដី ខុសលក្ខណៈបទដ្ឋានបច្ចេកទេស ដូចជា បើកលឿនៗ មិនគ្រប មិនលាងកង់ បណ្ដាលឲ្យហុយ ហៀរហូរទឹក ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញការរស់នៅ ជាពិសេសសុខភាពប្រជាពលរដ្ឋ លើដងផ្លូវជាតិលេខ៥ និងផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌ ដោយរង់ចាំការដោះស្រាយនៅពេលក្រោយ។

លោក ប្រាជ្ញ សីហា បានថ្លែងថា ប្រតិបត្តិការចាប់ឃាត់រថយន្ដបែនធុនធំដឹកដីចំនួន១៥គ្រឿង ខាងលើនេះ បានធ្វើឡើងជាបន្ទាន់ភ្លាមៗ បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ពិសេសមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ លើបទដ្ឋានបច្ចេកទេសមួយចំនួន ចំពោះរថយន្ដបែនធុនធំ ដឹកដី ដឹកថ្ម គ្រប់ប្រភេទ មុនបញ្ជាបើករថយន្ដចេញពីទីតាំងដេប៉ូ ចាំបាច់ មិនត្រូវបើកបរលឿនៗ មិនត្រូវដឹកដីសើម ត្រូវលាងកង់ឲ្យស្អាត និងគ្របប៉ាតង់ពីលើរថយន្ដ ដើម្បីបង្ការកុំឲ្យហុយ បើទោះបីជាមានច្បាប់បើកអាជីវកម្ម «អាជ្ញាប័ណ្ណ» ត្រឹមត្រូវយ៉ាងណាក៍ដោយ៕