(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ អភិបាលរង​​មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ ​ក្នុងសង្កាត់ក្រាំងពង្រ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានលើកឡើងអំពី ការអភិវឌ្ឍន៍រីកចម្រើនក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។

លោក នុត ពុធដារ៉ា បាន​ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ដល់ការលំបាក់របស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលជាជនក្រីក្រជនងាយរងគ្រោះ កុមារកំព្រា នៅក្នុងមូលដ្ឋាន និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋក្រីក្រជួបការ លំបាក ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។

លោកអភិបាល ក៏បានណែនាំដល់បងប្អូនទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានល្អប្រសើរ តាមរយៈការហាត់ប្រាណ អនាម័យសុខភាព ហូបស្អាត ផឹកស្អាត ដើម្បីបន្តរស់នៅ យូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើនទៅមុខទៀតរបស់ប្រទេសជាតិ។

សូមជម្រាបថា អំណោយដែលចែកជូនក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់៧មុខផ្សេងទៀត រួមនិងថវិកា ៣ម៉ឺនរៀល៕