(ភ្នំពេញ)៖ ពាក្យថាបច្ចេកវិទ្យាទូទាត់ប្រាក់ ដោយមិនប្រើក្រដាសប្រាក់ កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង នាពេលសព្វថ្ងៃនេះ ហើយនៅពេលគេទូទាត់ថ្លៃទំនិញ ឬ សេវាកម្មណាមួយ ដោយមិនប្រើក្រដាសប្រាក់ មិនថាទូទាត់តាមប័ណ្ណឥនទាន តាមការផ្ទេរប្រាក់តាមអនឡាញ ឬតាមកម្មវិធីទូទាត់ក្នុងទូរសព្ទចល័តនោះទេ ទាំងនេះសុទ្ធតែ អាចហៅថា ជាការទូទាត់ ដោយមិនប្រើក្រដាសប្រាក់។

ប្រទេសនានាក្នុងតំបន់អាស៊ី គឺកំពុងតែចាប់យកបច្ចេកវិទ្យានេះយ៉ាងលឿន ហើយប្រទេសកម្ពុជា ក៏កំពុងនាំមុខគេក្នុងចំណោមប្រទេសមួយចំនួន សម្រាប់សេវាទូទាត់ប្រាក់ ដោយមិនប្រើក្រដាសប្រាក់នេះដែរ។

ក្នុងទីក្រុងភ្នំពេញ ទូរសព្ទដៃ គឺកំពុងបង្ហាញកាន់តែច្បាស់ថា គេអាចប្រើវាបានលើសពីការហៅទូរសព្ទ ឬផ្ញើសារទៅទៀត។ មិនថាប្រើសម្រាប់ហៅម៉ូតូកង់បី ឬតាក់ស៊ី ឬក៏កុម្មង់អាហារ ឬបង់ថ្លៃវិក្កយបត្រអគ្គិសនីនោះទេ ទាំងអស់នេះសុទ្ធតែអាចធ្វើទៅបាន នៅក្នុងទីក្រុងនាពេលបច្ចុប្បន្ន តាមរយៈទូរសព្ទដៃទំនើប។ កម្មវិធីទូទាត់ប្រាក់ដោយមិនប្រើក្រដាស់ប្រាក់ ដែលត្រូវបានបង្កើតឡើងនៅក្នុងស្រុក ឈ្មោះ ផាយ ផេ ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងអំឡុងរយៈពេល ៥ខែកន្លងទៅនេះ ដោយមានមនុស្សចំនួនជាង ១សែននាក់ហើយដែលប្រើប្រាស់កម្មវិធីនេះ សម្រាប់បង់ថ្លៃទំនិញ និងសេវាកម្មនានា។

អ្នកប្រើប្រាស់ ផាយ ផេ ម្នាក់ដែលជានិស្សិតសាកលវិទ្យាល័យPPIU និយាយថា៖ «បច្ចេកវិទ្យានេះជាបច្ចេកវិទ្យាថ្មី ដែលផ្តល់ភាពងាយស្រួល ក្នុងការទូទាត់ការចំណាយ ដោយយើងឃើញថា វាចំណេញពេលវេលា មិនចាំបាច់រង់ចាំលុយអាប់ ហើយវាផ្តល់ការបញ្ចុះតម្លៃច្រើន សម្រាប់ផលិតផលនានា»

ពាណិជ្ជករទាំងអស់ ពិតជារីករាយជាមួយនឹងអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់ពួកគេ តាមរយៈសេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់នេះ។ លោក កួច សុខលី នាយកប្រតិបត្តិក្រុមហ៊ុន ស៊ី ប៊ី អឹម បានថ្លែងថា៖ «ឧទាហរណ៍ដូចជា យើងចាប់ផ្តើម ទទួលយក E-Payment (ការទូទាត់អេឡិកត្រូនិក) ពីផាយ ផេ យើងអាចកាត់បន្ថយនៅលំហូរសាច់ប្រាក់ សម្រាប់ក្រុមហ៊ុន ដោយមានភាពងាយស្រួល សម្រាប់ក្រុមការងារយើង នៅក្នុងការបញ្ជូនសាច់ប្រាក់ទៅធនាគារ»

ចំណែកឯលោក ព្រំ បញ្ញាវ័ន្ត តំណាងផ្នែកទីផ្សាររោងភាពយន្ត Legend ក៏មានការពេញចិត្តនឹងសេវាកម្មទូទាត់ប្រាក់ ដោយមិនប្រើក្រដាសប្រាក់នេះដែរ ហើយលោកបានឲ្យដឹងថា៖ «ក្រុមហ៊ុន ផាយ ផេ ពិតជាដំណើរការបានល្អ ។ យើងសង្កេតឃើញ និងអាចនិយាយបានថា នេះជាសេវាទូទាត់ឥតប្រើក្រដាស់ប្រាក់ដំបូងគេនៅស្រុកខ្មែរ និងដែលទទួលបានអតិថិជនប្រើប្រាស់ច្រើនជាងគេ។ ជាក់ស្តែងដូចនៅរោងភាពយន្ត Legend របស់យើងផ្ទាល់យើងសង្កេតឃើញថា អតិថិជនរបស់យើងមួយចំនួនធំ ក៏បានចាប់ផ្តើមសេវាកម្មរបស់ ផាយ ផេនេះដែរ»

ដោយសារប្រជាជនកម្ពុជាជាច្រើន មិនមានគណនីធនាគារ ហើយ បណ្តាញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ មិនទាន់ទៅដល់តំបន់ដែលនៅឆ្ងាយពីទីក្រុងនៅឡើយ ដូច្នេះសេវាទូទាត់ ដោយមិនប្រើក្រដាសប្រាក់ ផ្ដល់នូវសក្ដានុពលធំធេង សម្រាប់បរិយាបន្នហិរញ្ញវត្ថុនៃសហគមន៍ជនបទ។ ផ្អែកលើប្រជាប្រិយភាព នៃបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាស់ប្រាក់នាពេលបច្ចុប្បន្ននេះ គេប្រហែលអាចធានាបានថា សេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់ នឹងទទួលបានភាពភាពជោគជ័យ៕