(ភ្នំពេញ)៖ សាកលវិទ្យាល័យអន្ដរជាតិ (IU) បានបើកវគ្គបណ្ដុះបណ្ដាល វគ្គពិសេស ជំនាន់ទី១ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញ «អភិវឌ្ឍន៍ជនបទ» និង «សុខភាពសហគមន៍» ដែលការសិក្សាមានរយៈពេល២ឆ្នាំ។ នេះគឺជាវគ្គបណ្ដុះបណ្ដាលពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ជាលើកដំបូង នៅសាកលវិទ្យាល័យអន្ដរជាតិ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យអន្ដរជាតិ បានរៀបចំសន្និសីទកាសែត ស្ដីពី ការបើកបណ្ដុះបណ្ដាលវគ្គពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ «អភិវឌ្ឍន៍ជនបទ» និង «សុខភាពសហគមន៍» ដែលរៀបចំធ្វើឡើង នៅក្នុងសាលប្រជុំ ៥០១ នៃសាកលវិទ្យាល័យ។

ពិធីនេះ មានការចូលរួមពី លោកបណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្ដរជាតិ, លោកបណ្ឌិត ស៊ុន សូត ជាព្រឹទ្ធបុរស មហាវិទ្យាល័យ វិទ្យាសាស្ដ្រកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យអន្ដរជាតិ សាស្ដ្រាចារ្យមហាបរិញ្ញា បណ្ឌិត ហោ ប៊ុនឡេង និងសិស្សនិស្សិតជាច្រើននាក់ទៀត។

លោកបណ្ឌិត នេត បារ៉ុម បានឲ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បីផ្ដល់ឱកាស ឲ្យអ្នកដែលមានបទពិសោធន៍ និងអ្នកធ្វើការងារពាក់ព័ន្ធ និងការអភិវឌ្ឍន៍សហគមន៍ ផ្នែករដ្ឋ ក៏ដូចជាផ្នែកសង្គមស៊ីវិល និងឯកជនជាច្រើនផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងវិស័យនេះ ពង្រឹងនូវសមត្ថភាពរបស់ពួកគាត់។

លោកបណ្ឌិត បន្ដទៀតថា «វគ្គពិសេសនេះ នឹងធ្វើឲ្យពួកគេ បង្កើនសមត្ថភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំ គ្រប់គ្រងនិងសម្របសម្រួលផ្នែក «អភិវឌ្ឍន៍ជនបទ» ក៏ដូចជាផ្នែក «សុខភាពសហគមន៍» ទាំងនេះ ឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត នូវសមត្ថភាពរបស់ពួកគេ»។

បើតាម លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការមានគំនិតផ្ដួចផ្ដើម ឲ្យមានការបណ្ដុះបណ្ដាលបរិញ្ញាបត្រជាន់ខ្ពស់ជំនាញ «អភិវឌ្ឍន៍ជនបទ» ក៏ដូចជាផ្នែក «សុខភាពសហគមន៍»នេះ មានសារៈសំខាន់ណាស់ សម្រាប់បរិបទប្រទេសកម្ពុជា។

លោក ជ្រាយ ប៉ុម បានបន្ដថា «យើងសង្កេតមើលឃើញថា ប្រទេសកម្ពុជានៅខ្វះនូវជំនាញទាំងពីរនេះ ដើម្បីពង្រឹងនូវ​សមត្ថភាព ជាពិសេសអ្នកទាំងឡាយណា ដែលធ្វើការពាក់ព័ន្ធ និង ការងារអភិវឌ្ឍន៍ជនបទនេះ ក៏ដូចជាអាជ្ញាធរ ថ្នាក់ក្រោមជាតិ ដើម្បីឲ្យពួកគាត់ពង្រឹងសមត្ថភាពឲ្យធ្វើការ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទាក់ទងទៅនឹងការងារអភិវឌ្ឍន៍ជនបទ នេះ»។

លោក បានបន្ថែមទៀតថា «នេះក៏ជាសក្ដានុពលមួយបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា។ បើយើងមានវគ្គបណ្ដុះបណ្ដាលនេះ យើងមិនចាំបាច់ចំណាយពេលវេលាច្រើន ទៅរៀននៅក្រៅប្រទេសនោះទេ ហើយយើងក៏កាត់បន្ថយនៃការចំណាយនូវថវិកាច្រើន និងចំណេញនូវពេលវេលាផងដែរ»៕