(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ដើម្បីគេចវេសពីសំណាញ់ច្បាប់នោះ គឺជាអ្នកនយោបាយប្រឆាំងផ្កាប់មុខ មិនដែលបានជួយដល់កម្ពុជា មានតែបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង ដើម្បីតែមហិច្ឆតានយោបាយប៉ុណ្ណោះ, នេះជាការលើកឡើងរបស់លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។

ការលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានបញ្ចប់ជំនួបពិភាក្សាការងារ ជាមួយ​គណៈប្រតិភូ នៃគណៈកម្មាធិការសុខភាព និងគោលនយោបាយសង្គម នៃព្រឹទ្ធសភាសាធារណរដ្ឋឆែកដឹកនាំដោយ លោក Ivo Barek អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក នៅរាជធានីភ្នំពេញ​។

រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យើងដឹងហើយថា លោក សម រង្ស៊ី គឺជាមេបក្សប្រឆាំង ប្រឆាំងផ្កាប់មុខ ដោយមិនគិតពីផលប្រយោជន៍ជាតិទៀត គឺគេធ្វើអ្វីទាំងអស់ដើម្បីតែផលប្រយោជន៍ខ្លួនឯង ដើម្បីផលប្រយោជន៍បក្ខពួកខ្លួនឯង គេមិនបានគិតដល់ ផលប្រយោជន៍ជាតិនោះទេ បើគេគិតផលប្រយោជន៍ជាតិគេមិនមែនចឹងទេ»

ប្រតិកម្មខ្លាំងរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ជានិច្ចជាកាលតែងតែជុចអាល ញុះញង់ដល់បរទេស ដើម្បីកុំឲ្យផ្ដល់ជំនួយមកកម្ពុជា កុំឲ្យបញ្ជាទិញទំនិញពីកម្ពុជា និងកុំមកវិនិយោគនៅកម្ពុជា ដើម្បីជាការដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់៕