(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកទឹកចិត្តឲ្យសហភាពអឺរ៉ុប និងអាមេរិកបង្កកប្រាក់មេដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅតាមធនាគារនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយមិនចាំបាច់ព្រមាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្មានប្រាក់ទុកនៅក្រៅប្រទេសនោះទេ គឺមានតែប្រាក់សម្រាប់កសាងសមិទ្ធផលនានាសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ជាការប្រតិកម្មតបចំពោះសារព្រមានរបស់សភាសហភាពអឺរ៉ុប និងសភាអាមេរិក ដែលបានព្រមានបង្កកប្រាក់មេដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការដាក់ទណ្ឌកម្មឆ្លើយតបការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់មេដឹកនាំបក្សសង្គ្រោះជាតិដាក់ពន្ធនាគារជាដើមនោះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កកប្រាក់នេះនឹងមានអ្វីប៉ះពាល់ដល់សម្តេច និងមេដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «សូមផ្តាំទៅខ្ញុំលើកទឹកចិត្តឲ្យអឺរ៉ុប និងអាមេរិកបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំកម្ពុជា។ ខ្ញុំលើកទឹកចិត្តថែម មិនចាំបាច់គំរាមទេ ធ្វើទៅអ្នកឯងពូកែអ្នកឯងធ្វើទៅ។ កុំមកសង្ឃឹមប៉ះពាល់លើមន្រ្តីរាជរដ្ឋាភិបាល មន្ត្រីរាជរដ្ឋាភិបាលប៉ុន្មាននាក់ទៅ គណបក្សប្រជាជនមានប៉ុន្មាននាក់ទៅ ដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេស។ ខ្ញុំអត់មានទ្រព្យសម្បត្តិយកទៅទុកនៅក្រៅប្រទេសទេ ហើយនៅក្នុងប្រទេសទ្រព្យសម្បត្តិខ្ញុំដើរទៅមើលទៅនៅតាមសាលារៀន នៅតាមវត្តអារាម នៅតាមស្រះទឹក នៅតាមប្រឡាយទឹក អណ្តូងទឹក...»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញមិនព្រួយបារម្ភពីការដាក់ទណ្ឌកម្មនានាពីសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះដែរ ព្រោះកម្ពុជាធ្លាប់បានជួប ផលលំបាកខ្លាំងណាកាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០ ដោយសារការហ៊ុព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ តែកម្ពុជានៅតែអាចរស់បាន។ តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការព្រមាននេះគ្រាន់តែជាការសម្រេចរបស់សភាអឺរ៉ុប តែប្រហែលជាមិនអាចធ្វើទៅរួចនោះទេ ព្រោះការសម្រេចរបស់រដ្ឋាភិបាលអឺរ៉ុប ក៏ត្រូវគោលការណ៍កុងសង់ស៊ុសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចមិនមែនចេះតែធ្វើតាមការអំពាវនាវរបស់ក្រុមបក្សប្រឆាំងនោះទេ ព្រោះក្រុមអ្នករកស៊ីបានចុះហត្ថលេខារួចរាល់អស់ហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រតិកម្មរបស់សហរដ្ឋអាមេរិកបានកើតមានឡើងព្រោះតែខឹងរាជរដ្ឋាភិបាលកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ ដែលសម្តេចចាត់ទុកថា ជាការវាយបំបាក់ជើងកូនរបស់អាមេរិក ក្នុងការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះ «រឿងធំជាងគេមិនមែនជាកត្តាសម្រេចមកពីសម្ពាធនេះសម្ពាធនោះទេ សុំទោស។ ពិភពលោកបច្ចុប្បន្ន គឺមានឥរិយាបថនយោបាយការបរទេសឯករាជ្យផ្សេងៗគ្នា កម្រិតខុសៗគ្នា ហើយយើងត្រូវយល់ឲ្យបាននៅពេលយើងវាយបំបាក់ជើងកូនគេ ដែលកូនគេមកលួចយើង ប្លន់យើង យើងវាយបំបាក់ជើងកូនគេ ច្បាស់ណាស់ឪគេខឹង កុំឆ្ងល់ពេកអាហ្នឹងនុះ។ ដឹងហើយអាអ្នកយើងវាយបំបាក់ជើងកូនរបស់អ្នកណា បើយើងវាយបំបាក់ជើងកូនគេ ម៉េចឪគេមិនខឹងរឿងធម្មតាណាស់អាហ្នឹងនោះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់សហរដ្ឋអាមេរិកថា កុំអាងជាប្រទេសធំចេះតែដើរដាក់ទណ្ឌកម្មផ្សេងៗលើប្រទេសតូច ព្រោះប្រទេសតូច ក៏ចេះក្រោកឈរដើម្បីឯករាជ្យរបស់ខ្លួនផងដែរ៕