(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងបំផ្លឹសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា សហភាពអឺរ៉ុបបិទទីផ្សារមិនឲ្យ នាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុប និងការផ្អាកការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជានោះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងភ្លាមៗវិញថា រហូតដល់ពេលនេះមិនទាន់មានការសំរេចរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុបនោះទេ, ពោលគឺកម្ពុជានៅតែអាចនាំទំនិញចូលទីផ្សារអឺរ៉ុបដដែល។ យោងតាមញត្តិរបស់សភាអឺរ៉ុបចេញផ្សាយថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧ សភាអឺរ៉ុបគ្រាន់តែអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប «ធ្វើការពិនិត្យលើករណីភាពអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា និងលទ្ធភាពនៃការកម្រិតទិដ្ឋាការ» ប៉ុណ្ណោះ មិនមែនចេញសេចក្តីប្រកាសឲ្យបិទនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ Fresh News បន្ថែមថា ចំពោះបញ្ហាការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សភាអឺរ៉ុបក៏មិនបានអំពាវនាវឲ្យផ្អាកនោះដែរ គ្រាន់តែអំពាវនាវឲ្យពិនិត្យពីលទ្ធភាពនៃ «ការកម្រិតទិដ្ឋាការ» ប៉ុណ្ណោះ ពោលគឺមិនបានផ្អាកដូចការលើកឡើងនោះទេ។

ការឆ្លើយតបតាមរយៈបណ្តាញព័ត៌មាន Fresh News នៅពេលនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានសរសេរព័ត៌មាន បំផ្លឹសការពិត នៃញត្តិរបស់សភាសហភាពអឺរ៉ុប ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ទណ្ឌិតដែលកំពុងរត់គេច ពីសំណាញ់ច្បាប់បានសរសេរថា៖ «ផ្អាកជំនួយទាំងអស់ ក្នុងក្របខណ្ឌនៃកិច្ចសន្យាសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា។ បិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់នៅក្នុងប្រទេស ទាំង២៧នៃសហភាពអឺរ៉ុប។ ផ្អាកការផ្តល់ទិដ្ឋាការ (Visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិ របស់ជនទាំងនោះ ដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួន មកលាក់ទុកនៅទ្វីបអឺរ៉ុប»

ការសរសេរទាំងនេះរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រតិកម្មឆ្លើយតបវិញថា ទណ្ឌិត សម រង្ស៊ី បានសរសេរលើស ការពិត នៃញតិ្តពិតរបស់សភាអឺរ៉ុប ដែលនេះជាទង្វើញុះញង់ចង់បង្កបញ្ហាដល់ស្ថេរភាពនៅកម្ពុជា៕