(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមមិត្ត​នគរបាលជាតិកម្ពុជា​ថ្នាក់មូលដ្ឋាន បានប្រគល់ថវិកាចំនួន៨លានរៀល ជូនដល់គ្រួសារសព​មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន២រូប អតីតបម្រើក្នុងអង្គភាពវរសេនាតូច ការពារព្រំដែនគោកលេខ៨១៥ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។​

លោ​កឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់​ថា តាមលក្ខន្តិកៈ​របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាលដែលជាសមាជិក របស់សមាគមទទួលមរណភាព ត្រូវបានប្រគល់ជូនថវិកាម្នាក់ចំនួន៤​លានរៀល បើសិនជាភរិយា​របស់សមាជិក ទទួលមករណភាព ទទួលបានថវិកា១លានរៀល នោះផងដែរ​។

ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានសំដែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយ ជាមួយក្រុមគ្រួសារ នៃសពដែលបានបាត់បង់ប្តី ឬឪពុកជាទីស្រឡាញ់​ ដោយលោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារ​នៃសព ក្រោយពីទទួលបានថវិកានេះ សូមយកទៅចាត់ចែងធ្វើបុណ្យ ឬក៏ធ្វើជាទុន សម្រាប់ប្រកបរបររកស៊ីផ្សេងៗ ដើម្បីបន្តបង្កើនជីវភាពក្នុងគ្រួសារ។

សូមបញ្ជាក់ក្រុមគ្រួសារសព​ ទី១៖គ្រួសារសព ឈ្មោះ ជា យ៉ាត ត្រូវបានប្រគល់ជូនភរិយាឈ្មោះ ស៊ូន ឡាំ អាយុ៤៧ឆ្នាំ និងទី២៖សពឈ្មោះ ស យ៉ាត ត្រូវបានប្រគល់ជូនកូន​ស្រីឈ្មោះ គឹម ស៊្រី អាយុ៣១ឆ្នាំ​៕