(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងលោកស្រី នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៩៧នាក់ នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកស្រី ខ្លូត វណ្ណារ៉ា អនុប្រធានគណៈកម្មាធិការ នៃអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន បានឲ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៩៧នាក់ (ស្រី ៧៣នាក់) ក្នុងនោះក្រុងស្ទឹងសែន ៤៤នាក់ ស្រុកសន្ទុក ២០នាក់ និងស្រុកកំពង់ស្វាយ ៣៣នាក់ ដែលកំពុងមានជីវភាពជួបការលំបាកផងដែរ។

លោក សុខ លូ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសុខភាពទាំងការព្យាបាល និងការបង្ការទប់ស្កាត់ជំងឺអេដស៍ ដោយធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលសូន្យ៣ គឺគ្មានការចម្លងថ្មី គ្មានការរើសអើងអ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ និងគ្មានការស្លាប់ដែលទាក់ទងជំងឺអេដស៍។

លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅ បញ្ឈប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២០ ហើយក្នុងរយៈពេល២៦ឆ្នាំ កន្លងមកនេះ ប្រទេសកម្ពុជាធ្លាប់មានការរីករាលដាលមេរោគអដស៍ នៅឆ្នាំ១៩៩៨។

សមិទ្ធផលនៃយុទ្ធនាការរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្រោមការដឹកនាំប្រកបរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានដោយជោគជ័យ ហើយបានបញ្ចៀសមនុស្សរាប់សែននាក់ ឲ្យរួចផុតពីការចម្លងមេរោគអេដស៍ និងការបង្កើនអាយុកាលដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍ ព្រមទាំងបានលើកស្ទួយគុណភាពជីវិតគ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ នៃមេរោគអេដស៍ឲ្យមានក្តីសង្ឃឹម និងការរស់នៅក្នុងភាពថ្លៃថ្នូរស្មើមុខស្មើមាត់ ដូចប្រជាជនទូទៅ។

លោកបានក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួន កុំឲ្យឆ្លងមេរោគនេះជាដាច់ខាត ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារ គឺចាប់ផ្តើមពីខ្លួនឯងផ្ទាល់។

ក្នុងពិធីនេះដែរ ក៏មានការចែកជូនអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៩៧នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេះ ឃីត១កញ្ចប់ ត្រីខ១០កំប៉ុង និងថវិកា៥ម៉ឺនរៀលផងដែរ៕