(ភ្នំពេញ)៖ បុរសម្នាក់ដែលមានជីវភាពក្រីក្រ ដុះសាច់បំពង់ក ​អត់ថវិកាដើម្បីវះព្យាបាលហើយបានវះពោះសុងទឹកបបរ រយៈពេល២ឆ្នាំមកហើយនោះ ត្រូវបានថ្នាក់ដឹកនាំចាត់ការក្រុមការងារខណ្ឌពោធិ៍សែនជ័យ យកថវិកាប្រគល់ជូន ដើម្បីបានទៅវះកាត់ព្យាបាលនៅប្រទេសវៀតណាម។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារយកថវិកាជាង៤លានរៀល ប្រគល់ជូនផងដែរ ដើម្បីទូទាត់ចំណាយថ្លៃវះកាត់នៅប្រទេសវៀតណាម។ ថវិកាទាំងនោះរួមមាន ​​លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ចំនួន៣លានរៀល, លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ចំនួន១លានរៀល និងក្រុមការងារខណ្ឌពោធិ៍សែនជ័យ ៤០ម៉ឺនរៀល។

ជាមួយគ្នានោះ បុរសដែលបានទទួលអំណោយនោះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលជួយឧបត្ថម្ភថវិកាទាំងនេះ ដើម្បីឲ្យគាត់អាចទៅព្យាបាលជំងឺបាន ព្រោះថាគាត់រស់នៅជាមួយការសុងទឹកបបរនេះ អស់រយៈពេល២ឆ្នាំមកហើយ៕