(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពី ការបោះពុម្ពតារាងទូទាត់បៀវត្ស អាណត្ដិបើកប្រាក់ និងការបើកផ្ដល់បៀវត្ស ជូនមន្រ្ដីរាជការស៊ីវិល សម្រាប់ខែមករា ឆ្នាំ២០១៨ ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ក្នុងគោលបំណងចូលរួមអនុវត្ដឲ្យបានសម្រេចនូវខ្លឹមសារនៃសារាចរដូចមានយោងខាងលើ​ និងដើម្បីរួមចំណែកក្នុងការអនុវត្ដគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការដំឡើងបៀវត្សឲ្យមានប្រសិទ្ធភាព ក្រសួងមុខងារសាធារណៈ សូមដាក់ចេញនូវសេចក្ដីជូនដំណឹងសម្រាប់សហការអនុវត្ដដូចខាងក្រោម៖

ទី១៖ សម្រាប់ការបើកផ្ដល់បៀវត្សប្រចាំខែមករា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ សូមស្នើសុំគ្រប់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ អង្គភាពជំនាញ រាជធានី ខេត្តពាក់ព័ន្ធ ត្រូវយកសំណុំឯកសារបៀវត្សប្រចាំខែមករា ឆ្នាំ២០១៨ របស់មន្ដ្រីរាជការស៊ីវិល មកក្រសួងមុខងារសាធារណៈ ឫមន្ទីរមុខងារសាធារណៈរាជធានីខេត្ត ដោយពុំចាំបាច់ធ្វើការប្រែប្រួល ស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារឡើយ។

ទី២៖ ក្រសួងមុខងារសាធារណៈ សូមស្នើសុំក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ អង្គភាពជំនាញ រាជធានី ខេត្ត ត្រូវយកសំណុំឯកសារបៀវត្សប្រចាំខែមករា ឆ្នាំ២០១៨ របស់មន្ដ្រីរាជការស៊ីវិល មកក្រសួងមុខងារសាធារណៈ ឫមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ឲ្យបានយ៉ាងយូរត្រឹមសប្ដាហ៍ទី៣ ខែធ្នូ​ ឆ្នាំ២០១៧។

ទី៣៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំបោះពុម្ពតារាងទូទាត់បៀវត្សប្រចាំខែមករា ឆ្នាំ២០១៨ ដោយផ្អែកលើទិន្នន័យ ដែលមានក្នុងតារាងទូទាត់បៀវត្ស របស់មន្ដ្រីរាជការ ស៊ីវិលប្រចាំខែធ្នូ ឆ្នាំ២០១៧ ជាគោល និងធ្វើការរៀបចំទិន្នន័យមួយចំនួនទៀត ជាស្វ័យប្រវិត្ដទៅតាមគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ៖