(ភ្នំពេញ)៖ ប្រធានសមាគមភាពយន្តកម្ពុជា ដែលទើបតែជាប់ឆ្នោតថ្មីៗក្ដៅៗ លោក ឆាយ បូរ៉ា នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្លែងអះអាងថា លោកមានគម្រោងធ្វើញត្តិ និងតវ៉ាឲ្យមានការពន្យារពេល កំណត់ពន្ធភាពយន្ត​​រហូតដល់១០ឆ្នាំបន្តទៀត តាមការស្នើសុំរបស់ផលិតករ ដើម្បីទុកផ្លូវឲ្យភាពយន្ត​​ខ្មែរ មានដង្ហើមរស់ឲ្យបានល្អ ទៅមុខបន្ថែមទៀត។

ការថ្លែងបែបនេះ របស់លោក ឆាយ បូរ៉ា ដែលជាប្រធានសមាគមភាពយន្តកម្ពុជា អាណត្តិថ្មី និងជាម្ចាស់ផលិតកម្ម «ដើមត្នោត» គឺបានធ្វើឡើង ក្នុងពិធីរៀបបោះឆ្នោតជ្រើសរើស ប្រធានថ្មី បន្ទាប់ពីអាណត្តិរបស់ប្រធានចាស់ ត្រូវផុតកំណត់តាំងពីឆ្នាំមុន ដោយមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាសមាគម ជាម្ចាស់ផលិតកម្មធំៗ​ ចំនួន១១ផ្សេងគ្នា ខណៈដែលលោក ឆាយ បូរ៉ា ត្រូវបានបោះឆ្នោតក្លាយជាប្រធានសមាគម ក្នុងអាណត្តិថ្មីដដែល បន្ទាប់ពីលោកមានស្នាដៃដឹកនាំសមាគមមួយនេះ ២អាណត្តិកន្លងមក ហើយមានការទទួលស្គាល់ និងជោគជ័យច្រើន។ ​

បន្ទាប់ពីជា​ប់ជាប្រធានថ្មី នៅអាណត្តិបន្តនេះភ្លាម អ្វីដែលលោក ឆាយ បូរ៉ា ត្រូវធ្វើមុនគេ គឺការស្នើសុំពន្យាពេល លើការបង់ពន្ធលើវិស័យភាពយន្តខ្មែរ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តម្រូវឲ្យផលិករទាំងអស់ បំពេញកាតព្វកិច្ចពន្ធ មានលក្ខណៈច្រើនហួសពីសមត្ថភាព ខណៈដែលវិស័យភាពយន្តខ្មែរ នាពេលបច្ចុប្បន្ននេះ កំពុងតែងើបឡើង ទាំងត្រដាបត្រដួសបន្តិចម្ដងៗ និងមិនទាន់មានសន្ទុះរីកចម្រើនធំធាត់ ដូចបណ្ដាប្រទេសដទៃនៅឡើយ។

លោក ឆាយ បូរ៉ា និយាយថា បើទោះជាលទ្ធផលដាក់ញត្តិកាលពីលើកទី១ ទៅកាន់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ នៅមិនទាន់ទទួលបានផ្លែផ្កាក្ដី ប៉ុន្តែនោះមិនមែនជាបញ្ហា​ទេ ដោយសារតែនៅពេលនេះ ក្រុមផលិតករ នៅក្នុងអាណត្តិនេះ កាន់តែមានកម្លាំងសាមគ្គីភាពគ្នារឹងមាំ ដែលពិបាកនឹងឲ្យថ្នាក់លើ ឬស្ថាប័នក្រសួង ពិសេសគឺប្រមុខដឹកនាំកម្ពុជា ឈរឱបដៃមើលនឹងភ្នែកណាស់ ពោលគឺលោកនឹងជួយដោះស្រាយបញ្ហា​មួយនេះ ឲ្យដល់​ផលិតករប្រកបដោយភាពឈ្លាសវៃ និងទទួលយកបានទាំងសងខាង។

​ដោយឡែក លោក អ៊ិន សុភិន ក្រុមប្រឹក្សាជាន់ខ្ពស់មួយរូប នៅក្នុងសមាគមន៍ភាពយន្តកម្ពុជា បានថ្លែងនៅក្រោយការបញ្ចប់ពិធីបោះឆ្នោត និងតែងតាំងប្រធានថ្មីនោះថា ដោយសារតែសមាគមភាពយន្តកម្ពុជា មានការផុតអាណត្តិប្រធានចាស់មួយរយៈ ទើបបណ្ដាផលិតករទាំងអស់ ជួបជុំគ្នាភ្លាមៗ​ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ដើម្បីសម្រេចធ្វើការបោះឆ្នោត ឲ្យមានប្រធានថ្មីផ្លូវការ ប្រចាំសមាគម​ក្នុងអាណត្តិថ្មី។ ​

លោកបន្ថែមថា សមាសភាពចូលរួម នៅក្នុងពិធីបោះឆ្នោតនោះ រួមមានម្ចាស់ផលិតកម្មធំៗ សរុបចំនួន១១ផលិតកម្ម ដោយក្នុងនោះរួមមាន លោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្ម ដើមត្នោត ,រូបលោកផ្ទាល់ដែលជាម្ចាស់ផលិតកម្ម មហាហង្ស, លោក សែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia, អ្នកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រ, លោក លី ម៉េង តំណាងជាន់ខ្ពស់ផលិតកម្មរ៉ក់, លោក លៀក លីដា ម្ចាស់ផលិតកម្ម LD ​និង លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ ជាដើម។ ក្រោយការបោះឆ្នោត ​លោក ឆាយ បូរ៉ា ត្រូវបានបោះឆ្នោត​ឲ្យជាប់ជាថ្មីម្ដងទៀត ដើម្បីឲ្យការងារនៅក្នុងអាណត្តិនេះ កាន់តែមានប្រសិទ្ធិភាព ជួយដល់ផលិតករ និងវិស័យភាពយន្តខ្មែរបន្ត។

ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានបន្តថា ​​លោក ឆាយ បូរ៉ា ជាប្រធានចាស់ លោកបានរួមចំណែកដាក់ញត្តិ និងតវ៉ាឲ្យមានការដាក់បញ្ចាំងភាពយន្ត ក្នុងម៉ោងមាស បានយ៉ាងជោគជ័យ ទើបធ្វើឲ្យផលិតកម្ម ដែលបានចុះបញ្ជីទាំងជាង៤០ផលិតកម្ម មានដំណើរការឡើងវិញ ដែលក្នុងនោះ ផលិតកម្មចំនួន១១ ដែលជាក្រុមប្រឹក្សាសមាគម បានក្លាយជាផលិតកម្ម ដែលមានសកម្មភាពផលិតរឿង ខ្លាំងជាងគេ៕

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាអាណត្តិថ្មី