(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អគ្គនាយកធនាគារ Maruhan ជប៉ុន លោក ហា ថាងវ៉ូ បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា ព្រោះមានក្រុមហ៊ុនជាច្រើន បានរីកចម្រើនរួចមកហើយ។​

បើតាមអគ្គនាយកធនាគាររូបនេះ ​ក្រុមហ៊ុនជប៉ុន​ កាន់តែមានការកើនឡើង ហើយពេលនេះមិនតិចជាង២៥០ក្រុមហ៊ុនទេ ដោយក្នុងពេលនេះដែរ លោក​រំពឹងថា នឹងមានកាន់តែច្រើន​ថែមទៀត​នៅខាងមុខ ហើយក្រុមហ៊ុនរបស់លោកក៏បានចូលរួម ក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរ ពិសេសលើវិស័យកីឡា។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរ គ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឲ្យ​វិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០ភាគរយ​នៅកម្ពុជា ដោយសម្ដេចស្នើឲ្យលោក ហាន ថាងវ៉ូ បន្តវិនិយោគនៅកម្ពុជា ពិសេសឲ្យបន្ត​ចូលរួមក្នុងវិស័យសង្គម និងកីឡា ដែលលោកកំពុងចាប់អារម្មណ៍ជួយ។

ជាមួយគ្នានោះ លោក ហាន ថាងវ៉ូ ក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោក មានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាល ស្ថិតនៅផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់​នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់២២ជាន់។

ត្រង់ចំណុចនេះ​ ​សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា ក្រុមហ៊ុននឹងពង្រីកទុនបន្ថែម ពិសេសការរៀបចំ​កសាងអគារថ្មី នៅលើវិថីនរោត្តម ដែលគ្រោងនឹងចំណាយថវិកា ប្រមាណ៦០លានដុល្លារ ដោយបង្ហាញនូវជំនឿទឹកចិត្តមកលើការ​អភិវឌ្ឍកម្ពុជា។

បើតាមអគ្គនាយកធនាគារ Maruhan ដើមទុនដំបូងដែលមកវិនិយោគ នៅកម្ពុជា មានត្រឹមតែ១២០លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ មានការកើនឡើងច្រើន ហើយបូកបន្ថែមជាមួយនឹងការទិញយក​ស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនានេះ បានធ្វើឲ្យក្រុមហ៊ុនរបស់គាត់ មានសាខាសរុប​១៦៨កន្លែង នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិក៤,៣០០នាក់ ស្មើនឹង១៥ភាគរយ នៃបុគ្គលិកបម្រើការងារ​នៅវិស័យធនាគារ ក្នុងប្រទេសកម្ពុជា៕