(បន្ទាយមានជ័យ)៖ ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវជាង៩០តោន ត្រូវបានបង្ក្រាបដោយកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅទីតាំងសិប្បកម្មមួយកន្លែង ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា និងលោកឧត្តមសេនីយ៍ ទូច គង្គា ប្រធាន-អនុប្រធានក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបន្តថា ទីតាំងសិប្បកម្មនេះ ត្រូវបានម្ចាស់ទីតាំងបានផលិតទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ក្នុងមួយថ្ងៃមានប្រមាណពី ១៥,០០០ដប ទៅ២០,០០០ដប សម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប និងពិនិត្យជាបឋមឃើញថា ផលិតខុសស្តង់ដារ ក៏សមត្ថកិច្ចចុះបង្ក្រាបតែម្តង។

ពាក់ព័ន្ធករណីនេះ ខាងកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអំពាវនា​ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នមុន និងបរិភោគ ខណៈមានជនទុច្ចរិតក៏ដូចជា ម្ចាស់សិប្បកម្មខ្លះរកស៊ីប្រណាំងប្រជែងពាណិជ្ជកម្មភាព ដោយគ្មានភាពស្មោះត្រង់ បានលួចផលិតគ្រឿងឧបភោគ-បរិភោគក្លែងក្លាយ ប្រើសារធាតុគីមី បណ្តាលឲ្យប៉ះពាល់សុខភាព៕