(ភ្នំពេញ)៖ កាលពីពេលកន្លងទៅថ្មីៗនេះ​ មានកុមារឆ្នើមកម្ពុជាប្រមាណជិត៦០នាក់​ បានធ្វើដំណើរទៅចូលរួមប្រលងកម្រិតអន្តរជាតិរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ដោយជាលទ្ធផលគឺ​ មានកុមារឆ្នើម៥រូប​ បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងការប្រលង គិតលេខរហ័សអន្តរជាតិ (ISO UCMAS) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោក បឺនណាដ វង់ នាយកប្រតិបត្តិ UCMAS កម្ពុជាបានថ្លែងថា លោកពិតមានក្តីរីករាយណាស់នៅពេលដែល សិស្សានុសិស្ស UCMAS កម្ពុជា ចំនួន៥នាក់ ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ២ និងចំនួន៥៣នាក់ទៀតទទួលបាន ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតគិតលេខរហ័សអន្តរជាតិ (ISO UCMAS) បែបនេះ។

លោកថា នេះជាមោទនភាព និងជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែល មានសិស្សានុសិស្ស ពូកែៗ អាចដណ្តើមបានចំណាត់ថ្នាក់ល្អ នៅក្នុងការប្រលងជាលក្ខណៈអន្តរជាតិ ដែលមានសិស្សានុសិស្សរាប់ពាន់នាក់ មកពីជាង៤០ប្រទេសលើពិភពលោក។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ UCMAS ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ នៅប្រទេសម៉ាឡេស៊ី និងមានការទទួលស្គាល់ពីក្រសួងអប់រំ ចំនួន៧៥ប្រទេសលើពិភពលោក និងជាប់ក្នុងកំណត់ត្រាពិភពលោកផងដែរ។ បច្ចុប្បន្នកម្មវិធី UCMAS ត្រូវបានដាក់បង្រៀនក្នុងសាលា អាយឃីត ចំនួន៣០សាខា ទូទាំងរាជធានីខេត្ត ដោយមានសិស្សានុសិស្សកំពុងសិក្សាចំនួនប្រមាណ១ម៉ឺននាក់៕