(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោក ឯក ឃុនឌឿន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងបើកទូរហ្គេមបាញ់ត្រីមួយកន្លែង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ​នៅចំណុចផ្ទះលេខ៤៨ ផ្លូវ​លេខ២៤៧ ក្រុមទី២៦ ភូមិ១០ សង្កាត់​បឹងសាឡាង។

សមត្ថកិច្ចខណ្ឌទួលគោក បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបលេងល្បែងហ្គេមបាញ់ត្រីខាងលើ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកបើកលេង និងអ្នកចូលលេងហ្គេមបាញ់ត្រីបាន​រត់គេចខ្លួនបាត់អស់ ​ដោយរកឃើញវត្ថុតាងនៅក្នុងទីតាំងផ្ទះលេខ៤៨ រួមមាន ទូរហ្គេមបាញ់ត្រីចំនួន០២, កៅអីវិល (ដែក) សម្រាប់អង្គុយចំនួន០៧, សៀវភៅសំរាប់កត់ពង់ ចំនួន០៣ក្បាល និងកង្ហា​ចំនួន០១គ្រឿង​។

ក្រោយប្រតិបត្តិការនេះ ​គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសម្រេចធ្វើកំណត់ហេតុដកហូតវត្ថុតាងខាងលើ យកទៅសាលាខណ្ឌទួលគោក ដើម្បីរក្សារទុក ដោយឡែកទីតាំងផ្ទះលេខ៤៨ ប្រព្រឹត្តបទល្មើស ក្រុមប្រតិបត្តិការសម្រេចបិទឃ្លុំបេផ្ទះជាបណ្ដោះអាសន្ន៕