(យូអិន)៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (យូអិន) ទទួលបន្ទុកកិច្ចការនយោបាយ លោក Jeffrey Feltman កូរ៉េខាងជើងអាចនឹងទទួលយកសារដែលលោកបញ្ជូន ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីសប្ដាហ៍មុន។ សារដែលលោកបានបញ្ជូនទៅកាន់ទីក្រុងព្យុងយ៉ាង នោះគឺផ្ដោតសំខាន់លើការបង្កើតប្រព័ន្ធទំនាក់ទំនងជាមួយ រដ្ឋកម្មុយនីស្ដនេះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

លោក Jeffrey Feltman បានបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ហើយលោកក៏បានជួបពិភាក្សាការងារផងដែរជាមួយ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho និងអនុរដ្ឋមន្រ្តីការបរទេសលោក Pak Myong Guk។ យោងតាមលោក Feltman បន្ទាប់ពីជំនួបនេះ ភាគីកូរ៉េខាង ជើងបានប្រាប់លោកថាត្រូវការពេលវេលាដើម្បីពិភាក្សាបន្ថែម និងរាយការណ៍ដល់មេដឹនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន។ «ពេលវេលានឹងប្រាប់ថាអ្វីជាផលប៉ះពាល់ ឬ លទ្ធផលនៃកិច្ចពិភាក្សារបស់ពួកយើង ប៉ុន្តែខ្ញុំគិតថាយើងបានបើកទ្វារចំហរ ហើយខ្ញុំក៏សង្ឃឹមដែរថាការបើកទ្វារនេះនឹងនាំទៅរកកិច្ចចរចាស្វែងរកដំណោះស្រាយ»។ នេះ ជាការលើកឡើងរបស់លោក Jeffrey Feltman ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃអង្គារ ស្ដីពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា លោក Jeffrey Feltman បានក្លាយជាមន្ត្រីជាន់ខ្ពស់យូអិនទទួលបន្ទុកកិច្ចការនយោបាយលើកដំបូងបំផុត ដែលបានបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល០៨ឆ្នាំមកនេះ។ តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែអំពាវនាវឱ្យមានការគោរព និងអនុវត្តយ៉ាងលេញនូវដំណោះស្រាយយូអិន ពាក់ព័ន្ធនឹងកូរ៉េខាងជើង៕