(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ខាងមុខនេះ កុមារ ដែលមានជំងឺបេះដូង គ្រប់ប្រភេទ នឹងទទួលបានការព្យាបាល-វះកាត់ ដោយឥតគិតថ្លៃ។

រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសដែលលោក ទទួលសម្ដែងការគួរសម និងរាយការណ៍ការងារ ដែលត្រូវអនុវត្ដន៍ តាមរយៈគម្រោង « Love Heart Journey» ជាមួយមន្ដ្រីក្រសួងសុខាភិបាលចិន ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ Chao Dong ជាប្រធានផ្នែកវះកាត់ជំងឺបេះដូង នៃមជ្ឈមណ្ឌលជាតិ ជំងឺបេះដូង របស់សាធារណរដ្ឋប្រជាមានិតចិន ទីក្រុងប៉េកាំង នៅថ្ងៃទី១៣ ខែធ្នូនេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «គម្រោងវះកាត់ជំងឺបេះដូង របស់កុមារកម្ពុជា ជាជំហានដំបូង ភាគីចិន កំណត់ការវះយ៉ាងតិច ១០០នាក់ ក្នុងរយៈពេល៣ឆ្នាំនេះ ជាមួយគ្រូពេទ្យឯកទេសបេះដូងផ្ទាល់របស់ចិន ដែលមានឧបករណ៍ បរិក្ខារពេទ្យទំនើបៗ ហើយចំពោះការវះកាត់ នឹងធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត តែម្ដង ព្រោះមានទីកន្លែងស្រាប់ និងអាចធ្វើនៅទីតាំងណាផ្សេងទៀត ​ដែលអាចធ្វើទៅបាន»

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ថែមថា ភាគីមិត្ដចិន គឺតែងតែជួយកម្ពុជារហូតមក ហើយចាប់ពីឆ្នាំ២០១៨ ខាងមុខនេះ មិត្ដចិន នឹងបន្ដជួយវិស័យសុខាភិបាលជាច្រើនផ្នែកទៀត រួមមាន៖ រថយន្ដឃ្លីនិក ចល័ត ចំនួន៤០គ្រឿង, មានមន្ទីរពេទ្យ នៅខេត្ដ ត្បូងឃ្មុំ, មជ្ឈមណ្ឌលជាតិត្រួតពិនិត្យជំងឺឆ្លង, ពិសេសជួយសាងសង់អគារពិនិត្យ-ព្យាបាល ចំនួន១១ជាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ មានគ្រែសរុបជិត ៦០គ្រែ និងបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើបៗ រួមទាំងបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យផងដែរ៕