(ភ្នំពេញ)៖ ​ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ សម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ជាប្រធានគ្រប់គ្រងទីផ្សារ និងផ្នែកលក់ប្រចាំក្រុមហ៊ុន ហ្គ្រេតវ៉ាយក្លូបបល ត្រេឌីង ដែលលក់ប្រេងរំអិលម៉ាក ជឺលូ ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត តាមរូបភាពស៊ីដាច់ប្រាក់ក្រុមហ៊ុន១៥ម៉ឺនដុល្លារ។

បុរសរូបនេះ ឈ្មោះ ស៊ិន តារាវុធ អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលល្វែងលេខ៥ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបាន​ឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១២ ឈ្មោះស៊ិន តារាវុធ បានចូលបម្រើ ការងារក្នុងក្រុមហ៊ុនហ្គ្រេតវ៉ាយក្លូបបល ត្រេឌីង ។ ក្រោយមកខាងក្រុមហ៊ុន បានប្រគល់តួនាទីឲ្យឈ្មោះស៊ិន តារាវុធ ជាប្រធានទីផ្សារនិងផ្នែកលក់ ប្រចាំតំបន់ពីរ ដែលកាន់កាប់ ខេត្តចំនួនបី។

ចាប់តាំងពីពេលនោះ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០១៧ ឈ្មោះស៊ិន តារាវុធ បានកិបកេងប្រាក់ក្រុមហ៊ុនជាបន្តបន្ទាប់ រហូតដល់ជាង១៥ម៉ឺនដុល្លារអាមេរិក ទើបខាងក្រុមហ៊ុនមានការសង្ស័យ បើកការស្រាវជ្រាវរកឃើញថា ឈ្មោះស៊ិន តារាវុធ បានប្រមូលប្រាក់ពីអតិថិជនរួចហើយ ពុំយកមក បង់អោយក្រុមហ៊ុនគ្រប់ចំនួនទេ ពោលគឺបង់ខ្លះ និងកិបកេងខ្លះទុកចាយវាយ៕