(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានប្រគល់មកុដមាស ឬភ្នួងសក់ ដែលរកឃើញនៅក្នុងកំណាយជួសជុលសាលរបាំប្រាសាទតាព្រហ្ម កាលពីឆ្នាំ២០១២ រួមនឹងវត្ថុសិល្បៈបុរាណមួយចំនួន ដែលរក្សាទុកនៅអាជ្ញាធរជាតិអប្សរាកាលពីមុន ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នករក្សាទុកជំនួសវិញ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ រវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលមានលោក ត័ន ប៊ុនស៊ុយ អគ្គនាយករង តំណាងលោកអគ្គនាយអាជ្ញាធរជាតិអប្សរា និងលោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក គង់ វីរៈ បានឲ្យដឹងថា ក្នុងឱកាសមកពិនិត្យទទួលវត្ថុសិល្បៈបុរាណពីអាជ្ញាធរជាតិអប្សរា ដែលបានពីការធ្វើកំណាយសិក្សាស្រាវជ្រាវ កំណាយជួសជុលផ្សេងៗ នៅក្នុងតំបន់អង្គរ កន្លងមក មានដូចជា៖ មកុដមាស ឬភ្នួងសក់មួយ សន្លឹកមាសដែលចារជាយ័ន្តផ្សេងៗ សម្រាប់បញ្ចុះនៅតាមបល្ល័ង្កនៅក្នុងប្រាសាទចំនួន ១៦សន្លឹក ចិញ្ចៀនមាស១វង់ និងព្រះពុទ្ធរូបចំនួន២អង្គ។

លោក គង់ វីរៈ បញ្ជាក់ទៀតថា គោលបំណងសំខាន់នៃការទទួលវត្ថុសិល្បៈបុរាណទាំងអស់នេះ ពិសេសគឺភ្នួងសក់មាស ក្រៅពីយកទៅរក្សាទុក ឬជួសជុល គឺដើម្បីយកទៅបញ្ចូលគ្នាជាមួយគ្រឿងអលង្ការមាសផ្សេងៗ ដែលមានស្រាប់នៅសារមន្ទីរ គ្រឿងអលង្ការដែលទើបទទួលបានពីប្រទេសអង់គ្លេស និងគ្រឿងមាសមួយចំនួន ដែលធ្វើកំណាយបាននៅខេត្តព្រៃវែង រួមនឹងវត្ថុសិល្បៈផ្សេងៗ ដើម្បីតាំងពិព័រណ៍ជូនសាធារណជនជាតិ-អន្តរជាតិឲ្យបានឃើញ និងយល់ដឹងពីប្រវត្តិរបស់វត្ថុបុរាណទាំងនោះ មានរយៈពេល៣ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨ តទៅ ក្រោមប្រធានបទការប្រើប្រាស់អលង្ការមាស ក្នុងសង្គមខ្មែរពីអតីតកាល នៅសារមន្ទីរជាតិ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ បានបញ្ជាក់ពីសាវតារបស់វត្ថុសិល្បៈទាំងបីប្រភេទ ដែលប្រគល់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមមាន៖

ទី១៖ សន្លឹកមាស និងចិញ្ចៀនមាស១វង់ មានអាយុកាលនៅស.វទី៧ ឬទី៨នៃគ.ស ជាវត្ថុបុរាណដែលបានពីការធ្វើកំណាយស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា
និងសាលាបារាំងចុងបូព៌ា (EFEO) នៅបារាយណ៍ទឹកថ្លា កាលពីដើមឆ្នាំ២០០០ ស្តីអំពីមរតកវប្បធម៌ ការរៀបចំក្រុងមុនសម័យអង្គរ ការរៀបចំកសាងប្រាសាទ ទំនៀមទម្លាប់ ពិធីផ្សេងៗទាក់ទង នឹងការកសាងប្រាសាទ។

ទី២៖ ពិនសម្រាប់លម្អភ្នួងសក់ ឬមកុដនោះ មានអាយុកាលនៅស.វទី១២ អំឡុងពេលកសាងប្រាសាទ គឺបានរកឃើញនៅក្នុងកំណាយជួសជុលសាលរបាំ នៅប្រាសាទតាព្រហ្ម ដោយស្ថាប័នឥណ្ឌា (ASI) សហការជាមួយអាជ្ញាធរជាតិអប្សរា កាលពីខែមីនា ឆ្នាំ២០១២។

ទី៣៖ គឺជាអំណោយព្រះពុទ្ធរូប២អង្គ ដែលអ្នកភ្នំគូលែនប្រគល់ឱ្យ កាលពីឆ្នាំ២០១៥ តែមិនទាន់អាចសន្និដ្ឋានពីកាលបរិច្ឆេទ និងប្រវត្តិនៃរូបបាននៅឡើយ។

លោក ត័ន ប៊ុនស៊ុយ ក៏បានលើកឡើងថា កន្លងមកវត្ថុសិល្បៈបុរាណទាំងនេះក៏មានការមើលថែទាំយ៉ាងល្អ ពីសំណាក់អាជ្ញាធរជាតិអប្សរា ហើយនេះក៏ជាឱកាសល្អមួយដែលវត្ថុបុរាណទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកផង និងយកទៅតាំងពិព័រណ៍ផង ជាការផ្សព្វផ្សាយពីមរតកវប្បធម៌ផ្នែកសិល្បៈ ទៅកាន់សារធារណជនឲ្យបានយល់ដឹង និងស្រាវជ្រាវបន្ថែមទៀតផងដែរ៕